ការងារមើលថែទាំនៅពេលថ្ងៃ និងពេលយប់

ការងារមើលថែទាំនៅពេលថ្ងៃ និងពេលយប់

នៅមណ្ឌលដែលមានមនុស្សចាស់ស្នាក់នៅ មិនត្រឹមតែការងារពេលថ្ងៃនោះទេ គឺមានការងារពេលយប់ផងដែរ។
គេហៅការងារនៅពេលថ្ងៃថាការងារវេនថ្ងៃ ការងារនៅពេលយប់ថាការងារវេនយប់។
ប្រសិនបើអ្នកដឹងទុកជាមុនអំពីភាពខុសគ្នានៃខ្លឹមសារការងារ និងស្ថានភាពរបស់មនុស្សចាស់នៅពេលថ្ងៃនិងពេលយប់នោះ អ្នកអាចត្រៀមចិត្តបានជាមុនទោះជាត្រូវធ្វើការនៅម៉ោងណាក៏ដោយ។

Contents:

តើការងារវេនថ្ងៃ និងការងារវេនយប់ខុសគ្នាអ្វីខ្លះ

បែងចែកជា2 ធំៗគឺរបៀបធ្វើការងាររបស់អ្នកមើលថែទាំ និងស្ថានភាពរបស់មនុស្សចាស់។
ការងារវេនថ្ងៃគឺការងារចាប់ពីពេលព្រឹករហូតដល់ល្ងាចរយៈពេល 8 ម៉ោង។ ឧទាហរណ៍ពីម៉ោង 9 រហូតដល់ម៉ោង 18 (រួមទាំងម៉ោងសម្រាក 1 ម៉ោង)
ការងារវេនយប់គឺការងារចាប់ពីពេលល្ងាចរហូតដល់ព្រឹកថ្ងៃបន្ទាប់ រយៈពេល 16 ម៉ោង។ ឧទាហរណ៍ពីម៉ោង 17 រហូតដល់ម៉ោង 9 ថ្ងៃបន្ទាប់ (ប្រសិនបើអាចដេកមួយល្បក់បានគឺ 2 ម៉ោង)
នៅមណ្ឌលជាច្រើនមានការផ្ដល់ប្រាក់ឧបត្ថម្ភសម្រាប់ការងារវេនយប់។ (ទឹកប្រាក់ផ្ដល់ខុសគ្នាបន្តិចបន្តួចទៅតាមមណ្ឌលនីមួយៗ។)
ចំនួនបុគ្គលិកធ្វើការក៏ខុសគ្នាខ្លាំងដែរ។ ឧទាហរណ៍វេនថ្ងៃ 4នាក់ វេនយប់ 2 នាក់ឬ 1 នាក់ដែលត្រូវមើលការខុសត្រូវមនុស្សចាស់ប្រហែល 30 នាក់។
ស្ថានភាពរបស់មនុស្សចាស់មានដូចជា មានចិត្តព្រួយបារម្ភនៅពេលយប់មកដល់ មានអ្នកខ្លះសំរានមិនលក់ដើរវិលវល់រហូតក៏មាន។ល។

 

ក្នុងករណីមានការបារម្ភលើការងារវេនយប់

ប្រហែលជាអ្នកមានការព្រួយបារម្ភលើការងារវេនយប់ដោយសារម៉ោងធ្វើការមានរយៈពេលវែង និងបុគ្គលិកមានចំនួនតិច។ នៅមណ្ឌលភាគច្រើនគេធ្វើការងារវេនថ្ងៃឱ្យស៊ាំក្នុងអំឡុងពេលកំណត់មួយ រួចទើបធ្វើការវេនយប់។ ការងារវេនយប់នោះទៀតសោត ពីដំបូងមិនមែនតែ 1 នាក់ឯងនោះទេ។ គឺធ្វើការជាមួយអ្នកមើលថែទាំដែលមានបទពិសោធន៍ច្រើនបណ្ដើរ ទទួលការបង្រៀនបណ្ដើរ។ គឺអាចទទួលបានការជ្រោមជ្រែងរហូតស៊ាំ។

 

ដំណោះស្រាយនៅពេលមនុស្សចាស់មានអាការៈមិនស្រួលខ្លួនភ្លាមៗ

មុខងារនៃប្រព័ន្ធរាងកាយរបស់មនុស្សចាស់មានសភាពធ្លាក់ចុះ ហើយនៅពេលខ្លះមិនស្រួលខ្លួនភ្លាមៗ។
ចំពោះការងារវេនថ្ងៃដោយសារមណ្ឌលភាគច្រើនមានគិលានុបដ្ឋាក គឺអាចហៅឱ្យជួយមើលបានភ្លាមៗ។
ចំពោះការងារវេនយប់ទោះបីគ្មានគិលានុបដ្ឋាកក៏ដោយ ក៏អាចទាក់ទងសុំការណែនាំពីគិលានុបដ្ឋាកនៅផ្ទះបានដែរ។
ដោយសារមណ្ឌលជាច្រើនសហការជាមួយមន្ទីរពេទ្យ ប្រសិនបើចាំបាច់គេអាចស្នើសុំជំនួយពីគ្រូពេទ្យបាន។