ភាគទី2 ភាពទាក់ទាញនៃការធ្វើការនៅកន្លែងមើលថែទាំ និងវិធីប្រាស្រ័យទាក់ទង

ភាគទី2 ភាពទាក់ទាញនៃការធ្វើការនៅកន្លែងមើលថែទាំ និងវិធីប្រាស្រ័យទាក់ទង

នៅថ្ងៃមុន កិច្ចពិភាក្សាតុមូលដែលមានចំណងជើងថា ”ជូនចំពោះលោកអ្នកដែលគិតថាចង់ទៅធ្វើការនៅប្រទេសជប៉ុននៅពេលណាមួយ ការពិភាក្សាតុមូលដោយអារម្មណ៍ពិតអំពីការធ្វើការនៅប្រទេសជប៉ុន ដោយជនបរទេសដែលស្នាក់នៅប្រទេសជប៉ុន” ត្រូវបានរៀបចំធ្វើឡើង។ នៅក្នុងវីដេអូដែលបានថតពីទិដ្ឋភាពនៃការពិភាក្សាតុមូលនោះ លោកស្រីអ៊ីតូយឺកុ មកពីមជ្ឈមណ្ឌលជំរុញការស្រាវជ្រាវឈានមុខនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រហុកកៃដូ និងលោកសាស្ត្រាចារ្យរងស៊ុហ្សុគីតុស៊ីហ្វុមី មកពីសាកលវិទ្យាល័យខេត្តស៊ីហ្ស៊ុអុកាដែលជាអ្នកសម្របសម្រួល បានធ្វើការសន្ទនាជាច្រើនជាមួយជនបរទេសដែលធ្វើការនៅប្រទេសជប៉ុនដែលបានចូលរួម អំពីភាពទាក់ទាញនៃប្រទេសជប៉ុន និងបញ្ហាប្រឈមដែលត្រូវដោះស្រាយ។ល។

Contents:

នៅក្នុងភាគទី2 យើងបានសួរទៅជនបរទេសចំនួន 7នាក់ដែលស្នាក់នៅក្នុងប្រទេសជប៉ុនហើយធ្វើការទាក់ទងនឹងការមើលថែទាំហើយបានចូលរួមក្នុង “សិក្ខាសាលាតាមអនឡាញ Japan Care Worker Guide (JCWG)” ដែលជាសិក្ខាសាលាពន្យល់អំពីប្រព័ន្ធបុគ្គលិកជំនាញដែលបានបញ្ជាក់ ដែលបានធ្វើឡើងចាប់ពីខែតុលា ឆ្នាំ 2021 ដល់ខែមករា ឆ្នាំ 2022 ក្រោមប្រធានបទ “ភាពទាក់ទាញនៃការធ្វើការនៅកន្លែងមើលថែទាំ និងវិធីប្រាស្រ័យទាក់ទង”។

អ៊ីតូ៖ ជំរាបសួរអ្នកទាំងអស់គ្នា។ ជាកិច្ចបន្តសម្រាប់ភាគទី2 នៃ ”ការពិភាក្សាតុមូលដោយអារម្មណ៍ពិតអំពីការធ្វើការនៅប្រទេសជប៉ុន ដោយជនបរទេសដែលស្នាក់នៅប្រទេសជប៉ុន” យើងនឹងពិភាក្សាអំពីប្រធានបទ “ភាពទាក់ទាញនៃការធ្វើការនៅកន្លែងមើលថែទាំ និងវិធីប្រាស្រ័យទាក់ទង”។ ជាបន្តពីភាគទី1 លោកគ្រូស៊ុហ្សុគីក៏ចូលរួមជាមួយយើងផងដែរ។

 

ស៊ុហ្សុគី៖ សូមជួយណែនាំផង។

 

អ៊ីតូ៖ ជាបន្តខ្ញុំសូមណែនាំអ្នកចូលរួមនៅក្នុងភាគទី2។ មានកញ្ញាអាយុ មកពីប្រទេសឥណ្ឌូនេស៊ី កញ្ញាឡាវើលី និងកញ្ញាស្តេឡា មកពីប្រទេសហ្វីលីពីន កញ្ញាស៊ិតូមិនិ និងកញ្ញាអាស៊ិនិ មកពីប្រទេសស្រីលង្កា កញ្ញាលីន និងកញ្ញាហួយ មកពីប្រទេសវៀតណាមទាំងអស់ 7នាក់។ អ្នកទាំងអស់គ្នាត្រូវបានអញ្ជើញចូលរួមក្នុង “សិក្ខាសាលាតាមអនឡាញ Japan Care Worker Guide (JCWG)” ដែលយើងបានសាកសួរអ្នកទាំងអស់គ្នាក្នុងនាមជាសិស្សច្បងដែលធ្វើការងារនៅកន្លែងមើលថែទាំ។ បន្ទាប់ពីចូលរួមក្នុងសិក្ខាសាលារួចមក តើអ្នកទាំងអស់គ្នាមានការប្រែប្រួលនៅក្នុងចិត្តដែរឬទេ?

 

កញ្ញាអាយុ(ឥណ្ឌូនេស៊ី)៖ ខ្ញុំគិតថាកាន់តែចង់ឱ្យភាសាជប៉ុនរបស់ខ្ញុំកាន់តែប្រសើរជាងមុន។ ខ្ញុំចង់ឱ្យខ្លួនឯងអាចប្រាស្រ័យទាក់ទងជាមួយអ្នកស្នាក់នៅទាំងអស់ ឱ្យបានកាន់តែច្រើន។

 

កញ្ញាឡាវើលី(ហ្វីលីពីន)៖ ខ្ញុំគិតថាចង់ខំប្រឹងប្រែងធ្វើការងារថែមទៀត ដើម្បីគ្រួសារផងដែរ។ ខ្ញុំចង់ចូលរួមយ៉ាងសកម្មក្នុងកម្មវិធីបណ្ដុះបណ្ដាលនៅក្នុងក្រុមហ៊ុន និងនៅក្នុងមណ្ឌល ដើម្បីបង្កើនបច្ចេកទេសមើលថែទាំ និងរៀនសូត្រចំណេះដឹងផ្សេងៗទៀត។

 

កញ្ញាអាស៊ិនិ(ស្រីលង្កា)៖ ខ្ញុំសប្បាយចិត្តណាស់ដែលអាចប្រាប់នូវរឿងផ្សេងៗនៃប្រទេសជប៉ុន ទៅដល់ជនបរទេសដែលចង់មកប្រទេសជប៉ុន។

 

កញ្ញាលីន(វៀតណាម)៖ ខ្ញុំទទួលបានទំនុកចិត្តដោយសារមិត្តរួមការងារទាំងអស់ និងគ្រួសាររបស់ខ្ញុំបានសរសើរដល់ខ្ញុំ។ ចំណែកសិស្សប្អូនដែលនៅប្រទេសវៀតណាមក៏បាននិយាយថា៖ ”ចង់ឆាប់ទៅធ្វើការនៅប្រទេសជប៉ុន!”។

 

អ៊ីតូ៖ ចំពោះអ្នកទាំងអស់គ្នា ការចូលរួមសិក្ខាសាលាហាក់បាននាំមកនូវផលល្អ។ ជាបន្តខ្ញុំចង់សួរអ្នកទាំងអស់គ្នាអំពី ”ពាក្យជាភាសាជប៉ុនដែលអ្នកស្រលាញ់” និង “មូលហេតុដែលធ្វើឱ្យស្រលាញ់”។

 

កញ្ញាឡាវើលី(ហ្វីលីពីន)៖ ពាក្យជាភាសាជប៉ុនដែលខ្ញុំស្រលាញ់គឺ ”愛”(សេចក្ដីស្រលាញ់)។ ដោយសារខ្ញុំមានឈ្មោះថាឡាវើលី ដូច្នេះអ្នកជិតស្និទ្ធហៅខ្ញុំថា៖ ”ឡាវើលីឆាង”។ “LOVE” ជាភាសាជប៉ុនគឺ ”សេចក្ដីស្រលាញ់”។ ដរាបណាមានសេចក្ដីស្រលាញ់គឺមានសន្តិភាព (សើច)។

 

កញ្ញាស៊ិតូមិនិ(ស្រីលង្កា)៖ តាមរយៈការងារមើលថែទាំ ខ្ញុំស្រលាញ់ពាក្យដឹងគុណថា ”いつもありがとう”(អរគុណជានិច្ច)។ នៅពេលដែលអ្នកស្នាក់នៅទាំងអស់និយាយពាក្យនេះមករកខ្ញុំ ខ្ញុំសប្បាយចិត្តណាស់។

 

កញ្ញាហួយ(វៀតណាម)៖ ពាក្យដែលខ្ញុំស្រលាញ់គឺ ”頑張って”(ប្រឹងប្រែងឡើង)។ វាគឺជាពាក្យអស្ចារ្យធ្វើឱ្យមនុស្សមានកំលាំង។ នៅពេលនឿយហត់ ខ្ញុំខ្លួនឯងក៏លើកទឹកចិត្តខ្លួនឯងដោយពាក្យ ”ប្រឹងប្រែងឡើង” ដែរ។

 

ស៊ុហ្សុគី៖ ពិតជាពិសេសណាស់ដែលអ្នកទាំងអស់គ្នាស្រលាញ់ពាក្យដែលគេប្រើប្រាស់ប្រចាំថ្ងៃ។

 

អ៊ីតូ៖ សំណួរបន្ទាប់គឺ នៅក្នុងការងារមើលថែទាំ តើអ្នកទាំងអស់គ្នាធ្លាប់មានអារម្មណ៍ថាពិបាកក្នុងការប្រាស្រ័យទាក់ទងដែរឬទេ?

 

កញ្ញាអាស៊ិនិ(ស្រីលង្កា)៖ ខ្ញុំធ្លាប់មានពេលខ្លះទោះជាមានរឿងចង់និយាយ ប៉ុន្តែមិនដឹងភាសាជប៉ុនថាដូចម្ដេច។ ខ្ញុំធ្លាប់មានការពិបាកក្នុងការប្រាប់ទៅរៀមច្បង អំពីអ្វីៗដែលអ្នកស្នាក់នៅចង់បាន។

 

កញ្ញាលីន(វៀតណាម)៖ ខ្ញុំគិតថាភាសាគោរពគឺពិបាក។ បើអាចប្រើបានត្រឹមត្រូវនោះ ការប្រាស្រ័យទាក់ទងមានភាពរលូន ព្រោះថាបើប្រើខុសនោះវាក្លាយទៅជាមិនគួរសមទៅវិញ…។ ដោយសារខ្ញុំធំឡើងនៅប្រទេសវៀតណាមដែលមានភាសាគោរពដែរ នៅជប៉ុនក៏ខ្ញុំតែងតែនិយាយដោយប្រុងប្រយ័ត្ន។

 

អ៊ីតូ៖ គេនិយាយថាភាសាតំបន់ក្នុងភាសាជប៉ុនក៏ពិបាកដែរ តើអ្នកទាំងអស់គ្នាធ្លាប់មិនយល់ដោយសាររបៀបនិយាយនោះដែរឬទេ?

 

កញ្ញាអាស៊ិនិ(ស្រីលង្កា)៖ ក្នុងភាសាតំបន់ណាហ្កាសាគិ ពាក្យ ”いい”(ល្អ) គេថា “よか”។ ក្រៅពីនេះ ”行かなければならない”(ត្រូវទៅ) គេថា ”行かんば” ពាក្យ ”知りません”(មិនដឹង) គេថា ”わからん” ឬ”知らん”។

 

កញ្ញាលីន(វៀតណាម)៖ នៅហុកកៃដូមានភាសាតំបន់ច្រើន។ ឧទាហរណ៍៖ គេថា ”めんこい” ដែលមានន័យថា ”かわいい”(គួរឱ្យស្រលាញ់)។ ពាក្យ ”冷たい”(ត្រជាក់) គេថា ”しゃっこい” ជាដើម។

 

កញ្ញាអាយុ(ឥណ្ឌូនេស៊ី)៖ ខ្ញុំមានការភ្ញាក់ផ្អើលណាស់ព្រោះនៅខេត្តអុកាយ៉ាម៉ា ពាក្យ ”疲れた”(អស់កំលាំង) គេថា ”えれぇ” ពាក្យ ”暑い”(ក្ដៅ) គេថា ”あちぃ” ពាក្យ ”寒い”(ត្រជាក់) គេថា ”さみぃ”។ ដោយសារវាជារបៀបនិយាយដែលខ្ញុំមិនបានរៀននៅសាលាភាសាជប៉ុន…។ ប៉ុន្តែបច្ចុប្បន្ននេះខ្ញុំអាចនិយាយលាយភាសាតំបន់អុកាយ៉ាម៉ាបានហើយ។

 

កញ្ញាស្តេឡា(ហ្វីលីពីន)៖ នៅខេត្តណាហ្កាណុ ពាក្យ ”疲れた”(អស់កំលាំង) គេថា ”ごしたい”។ នៅពេលខ្ញុំឮដំបូង ខ្ញុំច្រឡំថាអ្នកស្នាក់នៅទាំងអស់ព្យាយាមប្រាប់ព្រមៗគ្នាថា ”腰が痛い”(ឈឺចង្កេះ)។

 

ស៊ុហ្សុគី៖ ភាសាជប៉ុនរបស់អ្នកទាំងអស់គ្នាល្អណាស់ អ្នកទាំងអស់គ្នាដូចជាធ្វើការប្រាស្រ័យទាក់ទងដោយសង្កត់ធ្ងន់លើការ ”យល់” ខ្លឹមសាររបស់ពាក្យ។

តាមពិតទៅអ្នកគ្រូអ៊ីតូ ទោះជារស់នៅតូក្យូររយៈពេលវែងក៏ដោយ ប៉ុន្តែជាធម្មតាគាត់និយាយភាសាតំបន់អូសាកា។ ជាក់ស្ដែងអ្នកនិយាយភាសាតំបន់អូសាកាដូចគ្នា គឺឆាប់ត្រូវគ្នា។ ប្រហែលជាមិនត្រឹមតែខ្លឹមសារនៃពាក្យឆ្លើយឆ្លងប៉ុណ្ណោះទេ ប៉ុន្តែការសន្ទនាដោយជិតស្និទ្ធ ក្រោមបរិយាកាសមិត្តភាពក៏សំខាន់ដែរ។

 

អ៊ីតូ៖ ខ្ញុំមានអារម្មណ៍ថាអ្នកទាំងអស់គ្នាបានប្រាប់ខ្ញុំជាថ្មីអំពីសារៈសំខាន់នៃការប្រាស្រ័យទាក់ទង។ ជាបន្តយើងនឹងជួបគ្នាទៀតនៅភាគទី3។

 

ក្នុងអត្ថបទនេះ យើងបានលើកយកប្រធានបទមួយចំនួនដកស្រង់ចេញពីវីដេអូថតទុកនៃទិដ្ឋភាពនៃការពិភាក្សាតុមូល។ នៅក្នុងវីដេអូយើងបានឱ្យជនបរទេសដែលរស់នៅប្រទេសជប៉ុននិយាយកាន់តែក្បោះក្បាយអំពីការផ្ដួចផ្ដើមទាក់ទងនឹងការប្រាស្រ័យទាក់ទងនៅកន្លែងមើលថែទាំ។ សូមទស្សនាវីដេអូពេញខាងក្រោម។