របៀបជិះរថយន្តក្រុងនៅប្រទេសជប៉ុន

របៀបជិះរថយន្តក្រុងនៅប្រទេសជប៉ុន

ចំពោះអ្នកដែលរស់នៅប្រទេសជប៉ុនដំបូង ការសាកល្បងជិះរថយន្តក្រុងរបស់ជប៉ុន ប្រហែលជារឿងគួរឱ្យខ្លាចហើយ។ ប៉ុន្តែការចេះជិះរថយន្តក្រុងនៅជប៉ុន នឹងធ្វើឱ្យជីវិតរស់នៅប្រទេសជប៉ុនក្លាយជាងាយស្រួល សាមញ្ញ និងសប្បាយរីករាយ។

Contents:

យើងសាកជិះរថយន្តក្រុងនៅប្រទេសជប៉ុន

មធ្យោបាយដឹកជញ្ជូននៅប្រទេសជប៉ុនមានភាពរីកចម្រើនខ្លាំងណាស់។ ជាទូទៅគេនឹកឃើញពីបណ្ដាញផ្លូវដែក និងផ្លូវរថភ្លើងល្បឿនលឿនស៊ីនកាន់សេនដ៏ធំធេង។ ជាពិសេសរថភ្លឿងគឺជាមធ្យោបាយធ្វើដំណើរដ៏សំខាន់នៅប្រទេសជប៉ុន ប៉ុន្តែមិនមែនសុទ្ធតែអាចទៅណាតាមរថភ្លើងបានទាំងអស់ទេ។ នៅក្នុងករណីនេះរថយន្តក្រុងគឺមានភាពងាយស្រួល។ ទោះយ៉ាងនេះក្ដី ដោយសារតែនៅតំបន់ខ្លះជើងរថយន្តក្រុងក្នុង1ថ្ងៃមានចំនួនតិច សូមប្រុងប្រយ័ត្នផង។

 

របៀបជិះ

អ្នកដំណើរចាំបាច់ត្រូវឡើងជិះតាមទ្វារនៅផ្នែកខាងមុខ ឬខាងក្រោយនៃរថយន្តក្រុង។ នៅពេលឡើងជិះរថយន្តក្រុងត្រូវដកយកសំបុត្រពីម៉ាស៊ីនដែលស្ថិតនៅក្បែរទ្វារចូលក្នុងរថយន្ត។ បន្ទាប់មកសូមស្វែងរកកៅអីទំនេរ។ សូមមើលអេក្រង់អេឡិចត្រូនិចដែលនៅក្បែរអ្នកបើកបរ។ គឺមានបង្ហាញពីកន្លែងដែលរថយន្តនឹងឈប់។ នៅតំបន់ទេសចរណ៍ធំៗ ក្នុងករណីខ្លះនៅក្នុងអេក្រង់មានបង្ហាញជាភាសាអង់គ្លេស ភាសាចិនជាដើម ប៉ុន្តែជាទូទៅគឺគ្មានបង្ហាញទេ។ ប្រសិនបើអ្នកបារម្ភខ្លាចជិះរថយន្តក្រុងខុសទិសដៅ នៅពេលឡើងជិះ សូមសួរថា៖ ”このバスは〇〇にいきますか?”“តើរថយន្តក្រុងនេះទៅ〇〇 ដែរឬទេ?”។ យើងក៏ណែនាំឱ្យសាកនិយាយប្រាប់អ្នកបើកបរនូវចំណតគោលដៅរបស់អ្នកនៅពេលឡើងជិះ។

វាជារឿងសំខាន់ណាស់ដែលអ្នកត្រូវស្គាល់អក្សរកាន់ជិនៃចំណតគោលដៅដែលអ្នកចង់ទៅ មុននឹងឡើងជិះរថយន្តក្រុង។ នៅពេលរថយន្តក្រុងទៅជិតដល់ចំណតគោលដៅរបស់អ្នក សូមចុចប៊ូតុងដែលមានពន្លឺភ្លើងពណ៌ក្រហមឬពណ៌លឿង។ នេះគឺជាសញ្ញាប្រាប់ទៅអ្នកបើកបរថាត្រូវឈប់រថយន្តក្រុង។

 

វិធីបង់ប្រាក់

ជាទូទៅគេបង់ប្រាក់នៅពេលចុះពីរថយន្តក្រុង។ ចំពោះរថយន្តក្រុងទូទៅ ថ្លៃឈ្នួលជិះគិតទៅតាមចំងាយធ្វើដំណើរ។ សូមមើលលេខដែលមានសរសេរលើសំបុត្រ នៅក្នុងអេក្រង់ក្បែរអ្នកបើកបរ។ ថ្លៃឈ្នួលជិះមានបង្ហាញជាយ៉េន។ ក្នុងករណីត្រូវប្ដូរប្រាក់ សូមប្ដូរក្នុងម៉ាស៊ីនប្ដូរប្រាក់នៅក្បែរអ្នកបើកបរ។ ជាចុងក្រោយសូមដាក់ប្រាក់ថ្លៃឈ្នួលជិះរថយន្តក្រុង និងសំបុត្រដែលបានដកយកពេលឡើងជិះ ចូលទៅក្នុងប្រអប់ថ្លាជាប់កន្លែងអ្នកបើកបរ។ បន្ទាប់មកគឺអាចចុះពីរថយន្តក្រុងបាន។

មានរថយន្តក្រុងមួយចំនួននៅក្រុងតូក្យូ និងក្រុងក្យូតុ គឹគិតថ្លៃនៅពេលឡើងជិះ។ ក្នុងករណីនេះ គឺមិនគិតថ្លៃឈ្នួលជិះទៅតាមរយៈពេលជិះនោះទេ គឺត្រូវបង់ថ្លៃកំណត់មួយ។ ក្នុងករណីរថយន្តក្រុងប្រភេទនេះភាគច្រើនចូលតាមខាងមុខ និងចេញតាមខាងក្រោយ។

 

កាត IC ដែលមានភាពងាយស្រួល

ដោយសារគេអាចប្រើកាត IC ដើម្បីជិះរថយន្តក្រុង ឬរថភ្លើង និងអាចទិញទំនិញនៅផ្សារម៉ាត ឬម៉ាស៊ីនលក់ទំនិញខ្លះៗបាន ដូច្នេះគឺមិនអាចខ្វះបានទេក្នុងការរស់នៅប្រទេសជប៉ុន។ ជាពិសេសវាផ្ដល់ភាពងាយស្រួលនៅពេលជិះរថយន្តក្រុង។ ម្យ៉ាងទៀតក្នុងករណីប្រើកាត IC ក៏មានការបញ្ចុះតម្លៃបន្តិចពីតម្លៃធម្មតាផងដែរ។ គេដាក់កាត IC ឱ្យប៉ះនឹងម៉ាស៊ីនអានរបស់វានៅពេលឡើងជិះរថយន្តក្រុង នៅពេលចុះ ឬទាំងពេលឡើងជិះ និងពេលចុះ។

 

ក្រមសីលធម៌ក្នុងការជិះរថយន្តក្រុងជប៉ុន

សូមជិះរថយន្តក្រុងដោយគោរពតាមក្រមសីលធម៌។ ឧទាហរណ៍ ការនិយាយទូរស័ព្ទនៅក្នុងរថយន្តក្រុងត្រូវបានហាមឃាត់។ ត្រូវបិទភ្លើងទូរស័ព្ទ ឬប្ដូរទៅជា silent mode។ ក្នុងករណីប្រើកាសដាក់ត្រចៀក សូមកម្រិតសម្លេងកុំឱ្យឮរំខានដល់អ្នកជុំវិញ។

សូមកុំធាក់កៅអីជួរមុខដោយជើង ឬជង្គង់។ សូមជៀសវាងកុំដាក់អីវ៉ាន់ ឬរបស់ផ្សេងៗចោលលើកៅអីជាប់អ្នកអង្គុយ ឬលើផ្លូវដើរ។ ម្យ៉ាងទៀត សូមយកសំរាមតាមខ្លួនទៅវិញ។ នៅពេលរថយន្តក្រុងកំពុងធ្វើចលនា សូមកុំដើរចុះឡើង ព្រោះនាំឱ្យមានគ្រោះថ្នាក់៕