យើងបានសម្ភាសលោក Miarea ដែលរស់នៅក្រុង Saitama និងមកពីប្រទេសកម្ពុជា។
វង្ស មាលា។
ខ្ញុំឈ្មោះ វង្ស មាលា។ ・ប្រទសកំណើត : កម្ពុជា ・កាលបរិច្ឆេទមកដល់ជប៉ុន : ឆ្នាំ ២០១៥ ・សញ្ញាបត្រ : អ្នកជំនាញមើលថែទាំ ・ជំនាញភាសាជប៉ុន : N2
Interview
ហេតុអ្វីបានជាអ្នកមកប្រទេសជប៉ុន?តើអ្វីដែលបានធ្វើអោយអ្នកសម្រេចចិត្តថាទៅប្រទេសជប៉ុន?
ដោយសារតែខ្ញុំចង់បន្តការសិក្សានៅបរទេសបានម្តង។
តើអ្វីដែលបានធ្វើអោយអ្នកចាប់អារម្មណ៍លើការងារមើលថែទាំ?
ដោយសារតែយ៉ាងហោចណាស់ នៅថ្ងៃអានាគត យើងអាចមើលថែមនុស្សដែលយើងស្រលាញ់ ប៉ាម៉ាក់របស់យើង យាយតារបស់យើងបាន។
តើចំណុចដែលជំរុញទឹកចិត្តអោយចង់ធ្វើការងារ និងចំណុចសប្បាយរីករាយក្នុងការងារមើលថែទាំមានអ្វីខ្លះ?
ការដែលបានឃើញពួកគាត់មើលមកយើងដោយស្នាមញញឹម សើចសប្បាយ ហ្នឹងគឺជាភាពសប្បាយរីករាយរបស់យើងហើយ។
តើចំណុចល្អនៃមណ្ឌលមើលថែទាំដែលអ្នកកំពុងធ្វើការមានអ្វីខ្លះ?
បុគ្គលិកនៅមណ្ឌលថែទាំនេះមានទំនាក់ទំនងល្អនឹងគ្នា រួសរាយរាក់ទាក់។ ម្យ៉ាងទៀត កន្លែងធ្វើការនៅទីនេះជាកន្លែងទើបបង្កើតថ្មី អញ្ចឹងហើយមានបរិយាកាសល្អ។
តើចំណុចល្អនៃតំបន់ដែលអ្នកកំពុងរស់នៅមានអ្វីខ្លះ?
ផ្ទះដែលខ្ញុំនៅ ខ្ញុំជួលនៅជិតស្ថានីយ៍រថភ្លើង អញ្ចឹងហើយមានភាពងាយស្រួលមែនទែនក្នុងការរស់នៅ។
តើអនុស្សាវរីយ៍ ឬរឿងដែលដក់ជាប់ក្នុងអារម្មណ៍របស់អ្នកក្នុងពេលរស់នៅប្រទេសជប៉ុនមានអ្វីខ្លះ?
ជនជាតិជប៉ុនភាគច្រើនគឺជាមនុស្សល្អ ហើយពេលដែលយើងជួបការលំបាក មានបញ្ហាអី តែងតែជួយដោះស្រាយអោយយើងបាន។
តើគោលដៅ និងសេចក្ដីប្រាថ្នាសម្រាប់អនាគតមានអ្វីខ្លះ?
ក្នុងរយៈពេលដែលខ្ញុំនៅប្រទេសជប៉ុន ឥឡូវនេះខ្ញុំបានសញ្ញាបត្រអ្នកជំនាញមើលថែទាំ អញ្ចឹងបន្ទាប់មកទៀត ខ្ញុំចង់បានសញ្ញាបត្រសុខុមាលភាពសង្គមមួយទៀត។
តើអ្នកមានសារអ្វីខ្លះផ្ញើទៅកាន់អ្នកដែលកំពុងពិចារណាចង់ធ្វើការងារមើលថែទាំនៅប្រទេសជប៉ុន?
ការងារមើលថែទាំគឺជាការងារដែលលំបាក ប៉ុន្តែក្នុងហ្នឹងក៏មានភាពសប្បាយរីករាយដែរ ប្រសិនបើយើងបានជួបផ្ទាល់។ ហើយមួយទៀត ក្នុងកាលៈទេសៈណា ពេលណាក៏ដោយ ក៏ការងារហ្នឹងនៅតែមានដែរ ឧទាហរណ៍ ដូចពេលនេះកំពុងតែ កូរ៉ូណារីករាលដាល ការងារខ្លះអត់មាន (អ្នកខ្លះ)អត់ការងារធ្វើអ៊ីចឹង។ ប៉ុន្តែការងារមើលថែទាំមនុស្សចាស់នេះ នៅតែមានរហូត។
តើអ្នកធ្លាប់បានទទួលពាក្យសរសើរពីអ្នកស្នាក់នៅមណ្ឌលដែរឬទេ?
តើអ្នកបានទទួលពាក្យថាដូចម្ដេច?
ខ្ញុំធ្លាប់បានលោកយាយលោកតាដែលស្នាក់នៅមណ្ឌលមើលថែទាំហ្នឹងគាត់មើលមកយើងហើយពេលដែលយើងមកធ្វើការអញ្ចឹង គាត់ថាសប្បាយចិត្តដែលយើងមក អញ្ចឹង។ ហើយបើចំពោះគ្រួសាររបស់ពួកគាត់វិញ ធ្លាប់បានពួកគាត់សរសើរយើងថា ខិតខំប្រឹងប្រែងធ្វើការ ហើយសប្បាយចិត្តដែលយើងចូលមកធ្វើការនៅទីនេះ។
តើអ្នកគិតថាមនុស្សប្រភេទណាដែលស័ក្តិសមធ្វើការងារមើលថែទាំ?
អ្នកដែលអាចធ្វើការងារមើលថែទាំនេះបាន ភាគច្រើនខ្ញុំគិតថា ទាល់តែមនុស្សហ្នឹងមានចិត្តធ្ងន់ មិនងាយខឹងអ៊ីចឹង។
តើអ្នកចង់បានសញ្ញាបត្រ និងជំនាញអ្វីខ្លះទាក់ទងនឹងការងារមើលថែទាំ?
ដូចដែលខ្ញុំធ្លាប់បានប្រាប់ខាងលើថាគោលបំណងរបស់ខ្ញុំគឺខ្ញុំចង់បានសញ្ញាបត្រ សុខុមាលភាពសង្គមមួយទៀត។
មូលហេតុអ្វីបានជាជ្រើសរើសប្រទេសជប៉ុន?
តើចំណុចខុសគ្នារវាងប្រទេសរបស់អ្នក ជាមួយនឹងប្រទេសជប៉ុននៅត្រង់ណាខ្លះ?
ដោយសារប្រទេសជប៉ុនជាប្រទេសមួយដែលល្បីល្បាញក្នុងពិភពលោក។ ហើយមួយទៀតដែលប្រទេសយើងនិងប្រទេសជប៉ុនមានលក្ខណៈអត់ដូចគ្នាខ្លះគឺត្រង់មធ្យោបានធ្វើដំណើរ។ ភាគច្រើនប្រជាជនជប៉ុន ធ្វើដំណើរដោយរថភ្លើង។ គេទៅណាមកណា ភាគច្រើនគឺដោយរថភ្លើង មានការងាយស្រួល មិនថាជិតមិនថាឆ្ងាយទេ។ ឯចំណែកប្រជាជនយើងភាគច្រើន យើងធ្វើដំណើរដោយឡានហើយនិងម៉ូតូ។
នៅប្រទេសរបស់អ្នក តើគេគិតដូចម្ដេចអំពីប្រទេសជប៉ុន?
បើនិយាយពីប្រទេសជប៉ុន យើងប្រាកដជានឹកដល់ទីមួយគឺបច្ចេកវិជ្ជារបស់ជប៉ុន ពូកែជាងគេ។
នៅថ្ងៃសម្រាក តើអ្នកធ្វើអ្វីដែរ?
ខ្ញុំមកនៅទីនេះ ខ្ញុំបាននាំប្តីខ្ញុំមកជាមួយ អញ្ចឹងហើយពេលដែលទំនេរ ខ្ញុំតែងតែដើរលេងជាមួយប្តី ហើយញុំអីនៅខាងក្រៅ អ៊ីចឹងដើម្បីលំហែខួរក្បាលខ្លះ។
នៅពេលទើបមកដល់ប្រទេសជប៉ុនដំបូង តើអ្នកស្ដាប់យល់អំពីអ្វីដែលបុគ្គលិកជនជាតិជប៉ុន និងអ្នកស្នាក់នៅនិយាយដែរឬទេ?
អត់យល់អីរលីង។ គេនិយាយអីក៏អត់ដឹងដែរ តបទៅគេវិញក៏អត់បានដែរ។
នៅពេលដែលអ្នកមិនយល់អំពីអ្វីដែលអ្នកស្នាក់នៅនិយាយ ឬនៅពេលមិនយល់អំពីការពន្យល់ តើអ្នកធ្វើដូចម្ដេច?
ខ្ញុំតែងតែសួរទៅមិត្តភ័ក្តិជនជាតិជប៉ុន ឬមួយក៏គ្រូជនជាតិជប៉ុនឬមួយក៏មិត្តរួមការងារដែលយើងស្និតស្នាលជនជាតិជប៉ុនហ្នឹង សួរដើម្បីអោយគេប្រាប់យើង។
ក្រោយពេលចាប់ផ្ដើមធ្វើការងារជាអ្នកមើលថែទាំ តើវាផ្ដល់ផលប្រយោជន៍អ្វីខ្លះសម្រាប់ជីវិតរបស់អ្នក?
ចង់និយាយថាគឺអនាគតរបស់យើង ដូចថាយើងអាចរៀបគំរោងទៅថ្ងៃអនាគតបាន យើងអាចមើលឃើញខ្លះៗពីអនាគតរបស់យើង ហើយម្យ៉ាងទៀត មួយវិញទៀតគឺ ស្ថានភាពរស់នៅរបស់ខ្ញុំគឺប្រសើរជាងមុនឆ្ងាយ។
តើអ្នកមានដំបូន្មានអ្វីខ្លះសម្រាប់ផ្ដល់អោយមនុស្សដែលគិតថាចង់មកប្រទេសជប៉ុនដើម្បីធ្វើការ?
ជាធម្មតាយើងមករស់នៅប្រទេសជប៉ុន យើងគួរតែបង្កើនមិត្តជាជនជាតិជប៉ុន អោយបានច្រើន។ ហើយពេលសម្រាកពីការងារយើងដើរលេង ញុំាអីដើម្បីលំហែខួរក្បាលខ្លះ។
តើម្ហូបជប៉ុនអ្វីខ្លះដែលអ្នកចូលចិត្ត?
ខ្ញុំចូលចិត្តរបស់បំពងៗ អញ្ចឹងហើយដូចជាបង្គាបំពង បន្លែបំពង ខ្ញុំចូលចិត្ត ហើយនិង មីជនជាតិជប៉ុន មីរបស់ជប៉ុនតែម្តង។
តើអ្នកចូលចិត្តទេសភាពអ្វីខ្លះនៅតំបន់ដែលអ្នករស់នៅបច្ចុប្បន្ន?
ចូលចិត្តថាអោយចូលចិត្តមិនដឹងចូលចិត្តមួយណាជាងគេទេ ប៉ុន្តែកន្លែងដែលមានផ្កា ព្រោះអីប្រទេសជប៉ុនសំបូរផ្កា អញ្ចឹងហើយ ខ្ញុំចូលចិត្តទៅមើលកន្លែងណាដែលមានផ្កា។
Contents: