នៅពេលធ្វើការងារជាអ្នកមើលថែទាំនៅប្រទេសជប៉ុន តើចំណាយពេល១ថ្ងៃបែបណា ហើយធ្វើការងារអ្វីខ្លះ? យើងបានធ្វើការសម្ភាសន៍ជាមួយអ្នកដែលធ្លាប់ធ្វើការងារមើលថែទាំដោយផ្ទាល់ ដើម្បីសាកសួរអំពីជីវភាពនៃអ្នកមើលថែទាំ។ ដោយសារមណ្ឌលមើលថែទាំខ្លះ មានការផ្ដល់សេវា24ម៉ោង ចំពោះប្រភេទការងារខ្លះ គឺត្រូវធ្វើវេនយប់ជាដើមផងដែរ។ ទោះជារវល់ជាមួយការងារយ៉ាងណា ក៏អ្នកទាំងអស់គ្នា ហាក់ដូចជាឆ្លៀតពេលខិតខំរៀនសូត្រអំពីការងារមើលថែទាំ និងភាសាជប៉ុនផងដែរ។
Contents:
តារាងពេលវេលាក្នុង១ថ្ងៃ [1]
អ្នកមើលថែទាំភាគច្រើន ចូលធ្វើការងារនៅម៉ោងប្រហែល 8:30 នាទីព្រឹក ហើយបញ្ចប់ការងារនៅពេលល្ងាចម៉ោងប្រហែល 17:30 នាទី។ នៅមណ្ឌលធ្វើការ (កន្លែងធ្វើការ) ខ្លះមានការចែកជាវេន ដោយមានវេនលឿន និងវេនយឺតផងដែរ។ តារាងពេលវេលាក្នុង១ថ្ងៃរបស់អ្នកមើលថែទាំនៅមណ្ឌលមានដូចតទៅ៖
ថ្ងៃមួយ (វេនថ្ងៃ) របស់ឈ្មោះJ (ហ្វីលីពីន)
7:30 ភ្ញាក់ពីដំណេក
8:50 ពិនិត្យមើលកំណត់ត្រាក្រុមការងារ ប្រជុំពេលព្រឹក ការផ្ដាំផ្ញើ
9:15 ផ្លាស់កន្ទប ការមើលថែទាំងើបក្រោក
10:00 ការផ្ដល់ជាតិទឹក ការកំសាន្ត
11:00 រៀបចំអាហារពេលថ្ងៃ បំពេញកំណត់ហេតុ
11:45 ការផ្ដល់អាហារ ការមើលថែទាំនៅពេលបរិភោគអាហារ
12:00 សម្រាក (សម្រាកថ្ងៃត្រង់)
13:00 ការថែទាំមាត់ធ្មេញ បញ្ជាក់ពីការនាំទៅបង្គន់
14:00 ការមើលថែទាំងើបក្រោក ផ្លាស់កន្ទប
15:00 រៀបចំអាហារសម្រន់ ការមើលថែទាំនៅពេលបរិភោគអាហារ នាំទៅបង្គន់
16:00 បំពេញកំណត់ហេតុ រៀបចំអាហារពេលល្ងាច ផ្លាស់កន្ទប
17:20 ចប់ម៉ោងការងារ
22:00 ចូលដំណេក
ថ្ងៃមួយ (សេវាកម្មពេលថ្ងៃ) របស់ឈ្មោះC (វៀតណាម)
8:00 ចេញពីផ្ទះ ទៅធ្វើការតាមរថយន្តក្រុង
8:30 ប្រជុំពេលព្រឹក អមដំណើរអ្នកប្រើប្រាស់
9:30 ការវាស់សម្ពាធឈាម និងកម្ដៅក្នុងខ្លួន ការមើលថែទាំពេលងូតទឹក
12:00 សម្រាក (សម្រាកថ្ងៃត្រង់)
13:00 រៀបចំអោយអ្នកប្រើប្រាស់ត្រឡប់ទៅផ្ទះ
13:30 ការកំសាន្ត
15:00 អាហារសម្រន់
15:30 ការនាំឬជូនទៅបង្គន់ អមដំណើរអ្នកប្រើប្រាស់
16:30 រៀបចំទុកដាក់ ធ្វើកំណត់ហេតុ
17:30 ចប់ម៉ោងការងារ
18:00 ត្រឡប់ទៅផ្ទះ
ពេលព្រឹកចូលធ្វើការ ការងារមុនគេបង្អស់ គឺអានកំណត់ហេតុ។ ការងារមួយថ្ងៃចាប់ផ្ដើមពីការក្ដាប់អោយបាននូវស្ថានភាពនៃអ្នកស្នាក់នៅ នៅថ្ងៃមុននោះ ឬនៅពេលយប់មុន តាមរយៈការពិនិត្យមើលថាមានអ្វីប្រែប្រួលឬអត់។ អ្នកនាង HOANG THI NGOC ANH ជាជនជាតិវៀតណាមដែលបានធ្វើការនៅមណ្ឌលមើលថែទាំនៅខេត្ត Hyogo ប្រទេសជប៉ុនបានប្រាប់យើងពីការងារ ដែលចំណាយពេលវេលាច្រើនបំផុតនៅពេលព្រឹក និងពេលល្ងាច។
“ការងារដែលចំណាយពេលច្រើនជាងគេនៅពេលព្រឹក គឺការមើលថែទាំនៅពេលបញ្ចេញចោល។ គឺនាំទៅបង្គន់ និងផ្លាស់កន្ទប។ ការងារដែលចំណាយពេលច្រើនជាងគេនៅពេលថ្ងៃ គឺការមើលថែទាំពេលងូតទឹក។ គឺចំណាយពេលពី1ម៉ោងទៅ4ម៉ោង។”
ចំពោះមណ្ឌលប្រភេទចូលស្នាក់នៅ គឺមានសេវាមើលថែទាំ24ម៉ោង ដូច្នេះមានការងារវេនយប់ផងដែរ។ គឺជាការងារមានទំនួលខុសត្រូវខ្ពស់ ព្រោះត្រូវដោះស្រាយដោយមានចំនួនបុគ្គលិកតិច។
ថ្ងៃមួយ (វេនយប់) របស់ឈ្មោះC (ហ្វីលីពីន)
16:15 ចាប់ផ្ដើមការងារ ការផ្ដាំផ្ញើ
17:15 រៀបចំអាហារពេលល្ងាច
17:45 ការមើលថែទាំនៅពេលបរិភោគអាហារ រៀបចាន នាំទៅបង្គន់
19:20 សម្រាក (អាហារពេលល្ងាច)
20:00 ការមើលថែទាំគេងផ្តេកខ្លួន ផ្លាស់កន្ទប
20:30 ការងារពេលយប់ (បំពេញកំណត់ហេតុ។ល។)
23:00 យាមតាមជាន់ (ឆ្លើយតបនឹងការហៅគិលានុបដ្ឋាយិកា។ល។)
23:30 សម្រាក
1:30 ផ្លាស់កន្ទប
3:00 ដើរល្បាត ផ្លាស់កន្ទប
5:00 រៀបចំអាហារពេលព្រឹក ការមើលថែទាំងើបក្រោក
7:30 ការផ្ដល់អាហារ ការមើលថែទាំនៅពេលបរិភោគអាហារ រៀបចាន នាំទៅបង្គន់
9:20 ចប់ម៉ោងការងារ
[1] 三菱UFJリサーチ&コンサルティング株式会社 「外国人介護職員の受入れと活躍支援に関するガイドブック」Mitsubishi UFJ Research & Consulting Co.,Ltd. “Guidebook for Accepting and Supporting Foreign Care Workers”
អ្វីជាការងារសប្បាយ?
អ្នកនាង Riswanti ជនជាតិឥណ្ឌូនេស៊ីបានរៀបរាប់ពីការងារសប្បាយថា៖ “នៅពេលដែលច្រៀងចម្រៀងជាមួយគ្នា ហើយទទួលបានការសរសើថា៖ “ពូកែណាស់!” ម្យ៉ាងទៀត នៅពេលដែលនិយាយអំពីរឿងអ្វីមួយត្រូវគ្នា ធ្វើអោយយើងបានសប្បាយ។ ឧទាហរណ៍ ការនិយាយអំពីសត្វឆ្មាទៅរកអ្នកស្នាក់នៅដែលចូលចិត្តសត្វឆ្មា ឬនៅពេលដែលអ្នកស្នាក់នៅ ដែលចូលចិត្តចម្រៀងបង្រៀនចម្រៀងដល់ខ្ញុំ ហើយច្រៀងជាមួយគ្នា។”
ចំណែកលោក Albert Fernandez ដែលបានធ្វើការនៅមណ្ឌលមើលថែទាំនៅខេត្ត Okayama បានប្រាប់ពីគន្លឹះក្នុងការធ្វើការជាមួយមនុស្សចាស់អោយបានសប្បាយថា៖ “ដើម្បីនិយាយអោយត្រូវគ្នាជាមួយមនុស្សចាស់ គឺមានប្រធានបទ3។ ①អាកាសធាតុ ②អាហារ ③ស្ថានភាពនៃដំណេក។ ខ្ញុំគិតថា តាមរយៈប្រធានបទទាំង3នេះ គឺអាចធ្វើការបានដោយសប្បាយ។ ហើយគេក៏អាចដឹងពីស្ថានភាពសុខភាពរបស់អ្នកស្នាក់នៅ តាមរយៈប្រធានបទទាំង3នេះដែរ។”
អ្នកទាំងអស់គ្នា ហាក់ដូចជាព្យាយាមធ្វើការប្រាស្រ័យទាក់ទងអោយបានល្អ ដើម្បីអោយការងារបានសប្បាយ។
អ្វីជាការងារធ្ងន់ (លំបាក)?
ប្រភេទនៃការងារលំបាក គឺខុសៗគ្នាតាមមនុស្សម្នាក់ៗ ប៉ុន្តែខ្ញុំឮច្រើនថា ”ការមើលថែទាំពេលងូតទឹក” និង “ការមើលថែទាំនៅពេលផ្លាស់ទី” គឺជាការងារលំបាក។ ចំពោះការមើលថែទាំពេលងូតទឹក គឺដោយសារមានហានិភ័យអាចដួលបាន តម្រូវអោយមានការប្រុងប្រយ័ត្ន។ ចំណែកការមើលថែទាំនៅពេលឡើងកៅអីរុញសម្រាប់មនុស្សចាស់ ដែលមិនអាចងើបឈរដោយខ្លួនឯងបាន នៅពេលបញ្ជូនគាត់ដាក់លើកៅអីរុញ គឺចំណាយទាំងពេលវេលា និងត្រូវការកម្លាំង។
ចំណែកការងារដែលត្រូវការពេលវេលាយូរ ដើម្បីអាចធ្វើមា្នក់ឯងបានមានដូចជា៖ ”ការងារមេក្រុម” ”ការងារវេនយប់” ”ការមើលថែទាំពេលងូតទឹក”។ល។ ប៉ុន្តែក៏មានអ្នកខ្លះ ព្យាយាមចងចាំការងារហើយ ”3ខែក្រោយអាចធ្វើការវេនយប់ម្នាក់ឯងបាន” អ្នកខ្លះ ”បានរៀនវគ្គអំពីយន្តការនៃរាងកាយមនុស្ស ដែលមានប្រយោជន៍សម្រាប់ការមើលថែទាំនៅពេលផ្លាស់ទី និងពេលឡើងចុះកៅអីរុញ”។
តើមានពេលរៀនសម្រាប់ប្រឡងយកសញ្ញាបត្រមើលថែទាំ និងភាសាជប៉ុនដែរឬទេ?
ជនបរទេសដែលមានភាពលេចធ្លោក្នុងការងារជាអ្នកមើលថែទាំនៅប្រទេសជប៉ុន គឺជាមនុស្សដែលរៀងរាល់ថ្ងៃធ្វើការផង និងខិតខំព្យាយាមរៀនសូត្រដើម្បីប្រឡងយកសញ្ញាបត្រមើលថែទាំ និងបង្កើនសមត្ថភាពជំនាញភាសាជប៉ុនផង។ អ្នកនាង HOANG THI NGOC ANH ជនជាតិវៀតណាមបានប្រាប់យើងថា៖ “ខ្ញុំបានរៀនជារៀងរាល់ថ្ងៃ ដើម្បីប្រឡងមើលថែទាំអោយជាប់។ យ៉ាងហោចណាស់2ម៉ោងក្នុង1ថ្ងៃ!”។
ម្យ៉ាងទៀត នៅមណ្ឌលធ្វើការខ្លះ មានផ្ដល់នូវកម្មវិធីបើកវគ្គបំប៉នផ្សេងៗ។ លោក Albert Fernandez ជនជាតិហ្វីលីពីនដែលបានធ្វើការនៅមណ្ឌលមើលថែទាំនៅខេត្ត Okayama បានប្រាប់យើងថា៖ “ក្នុង1សប្ដាហ៍ម្ដង ខ្ញុំបានរៀនអំពីការមើលថែទាំជាមួយគ្រូមើលថែទាំ និងរៀនភាសាជប៉ុនជាមួយគ្រូបង្រៀនភាសាជប៉ុន”។
ចំពោះការរៀនភាសាជប៉ុន ក្រៅពីរៀនតាមសៀវភៅ អ្នកទាំងអស់គ្នាហាក់ដូចជាធ្វើការច្នៃប្រឌិត ក្នុងការរៀនដោយឆ្លៀតពេលរវល់របស់គេដូចជា៖ “ខ្ញុំបានព្យាយាមនិយាយជាមួយជនជាតិជប៉ុន និងរៀនពាក្យថ្មីតាមភាពយន្ត និងគំនូរជីវចល” “ខ្ញុំបានរៀនចងចាំភាសាជប៉ុនតាមសៀវភៅ តាមការមើលទូរទស្សន៍ និងតាមរយៈការច្រៀងចម្រៀង។ ចំពោះអក្សរកាន់ជិ និងពាក្យដែលខ្ញុំមិនចេះ ខ្ញុំបានកត់ត្រាទុកដើម្បីធ្វើការចងចាំ”។