ខេត្តជនបទនៅប្រទេសជប៉ុន

ខេត្តជនបទនៅប្រទេសជប៉ុន

ប្រហែលជាមានមនុស្សច្រើន ដែលប្រមូលព័ត៌មានអំពីប្រទេសជប៉ុនតាមរយៈទូរទស្សន៍ ទស្សនាវដ្ដី វែបសាយ។ល។ ប្រទេសជប៉ុន គឺជាកោះដែលលាតសន្ធឹងយ៉ាងវែងពីត្បូងទៅជើង។ ទីក្រុងធំៗដូចជា Tokyo និង Osaka គឺមានគេស្គាល់ច្រើន ប៉ុន្តែតាមពិតទៅតំបន់នៅតាមជនបទក៏មានក្រុងដែលល្អ និងកន្លែងទេសចរណ៍ល្បីៗផងដែរ។ ម្យ៉ាងទៀត ដោយសារក្រុងរបស់ជប៉ុនព័ទ្ធជុំវិញដោយសមុទ្រ និងភ្នំ នៅពេលទៅតាមជនបទគេអាចទទួលទានត្រី ដែលមានរសជាតិឆ្ងាញ់ និងសប្បាយក្នុងការហូបម្ហូបតាមតំបន់បាន។ នៅពេលនិយាយអំពីការធ្វើការនៅប្រទេសជប៉ុន ប្រហែលជាគេនឹកឃើញពីទីក្រុងធំៗ ប៉ុន្តែលើកនេះ យើងបានសាកសួរទៅជនបរទេសដែលធ្លាប់ធ្វើការនៅប្រទេសជប៉ុន តាមរយៈការស្ទង់មតិ និងការសម្ភាសន៍ អំពីភាពទាក់ទាញនៃតំបន់ជនបទរបស់ប្រទេសជប៉ុន។

Contents:

សណ្ឋានដីរបស់ប្រទេសជប៉ុន ដែលមានរាងទ្រវែងពីត្បូងទៅជើង

ប្រទេសជប៉ុនមានសណ្ឋានដីរាងទ្រវែងលាតសន្ធឹងពីត្បូងទៅជើង។ អ្វីដែលគួរអោយភ្ញាក់ផ្អើលនោះគឺ តំបន់ភាគខាងត្បូងស្ថិតនៅក្នុងតំបន់អាកាសធាតុ Subtropic  ចំណែកតំបន់ភាគខាងជើងស្ថិតនៅក្នុងតំបន់អាកាសធាតុ Subarctic។ ហេតុដូច្នេះហើយ រវាងខេត្ត Okinawa ដែលជាកន្លែងក្ដៅជាងគេ និងតំបន់ឆ្ងាយពីសមុទ្រក្នុងខេត្ត Hokkaido ដែលជាតំបន់ត្រជាក់ជាងគេ មានគម្លាតសីតុណ្ហភាពមធ្យមប្រចាំឆ្នាំលើសពី15អង្សារសេ[1]។ នៅតំបន់ខាងជើង គេសប្បាយនឹងលេងស្គី ចំណែកដំបន់ខាងត្បូងគេសប្បាយនឹងឆ្នេរសមុទ្រ។ ម្យ៉ាងទៀត ទោះបីប្រទេសជប៉ុនព័ទ្ធជុំវិញដោយសមុទ្រក្ដី ប៉ុន្តែមានដីទំនាបតិច ហើយ2ភាគ3នៃផ្ទៃដីប្រទេសគឺជាព្រៃឈើ។ ដោយសារទីក្រុងធំៗ គឺប្រមូលផ្ដុំនៅតំបន់ទំនាប ដូច្នេះបើគេទៅខេត្តជនបទ គេអាចសប្បាយនឹងអាហារ ឬកន្លែងកំសាន្តទាក់ទងនឹងសមុទ្រនិងភ្នំបាន។

ប្រសិនបើមានចំណាប់អារម្មណ៍ ចង់ធ្វើការងារជាអ្នកមើលថែទាំនៅប្រទេសជប៉ុន សូមសាកល្បងធ្វើការស្រាវជ្រាវអំពីទឹកដីជប៉ុនសាកមើល។


Qសំណួរ៖ នៅប្រទេសជប៉ុនមានកោះធំៗចំនួន4 ក្រៅពីនេះ បើរាប់បញ្ចូលទាំងកោះដែលគ្មានមនុស្សរស់នៅផង តើមានចំនួនកោះប៉ុន្មាន?

Aចម្លើយ៖ 6,852    (យោងតាមលទ្ធផលនៃជំរឿនរបស់រដ្ឋឆ្នាំ2015)

[1] 一般財団法人 国土技術研究センター「国土を知る / 意外と知らない日本の国土」Japan Institute of Country-ology and Engineering “Know the Land/The Unexpected and Unknown of Japan’s Land”

 

ភាពទាក់ទាញនៃតំបន់ជនបទ

ជប៉ុនជាប្រទេសដែលមានផ្ទៃដីតូច បើប្រៀបធៀបនឹងទំហំសេដ្ឋកិច្ច។ ហេតុដូច្នេះហើយ បណ្ដាញប្រព័ន្ធធ្វើដំណើរដឹកជញ្ជូនត្រូវបានអភិវឌ្ឍ ដោយគេអាចធ្វើដំណើរតាមយន្តហោះ រថភ្លើង រថយន្ត រថយន្តក្រុងជាដើមបានដោយងាយ។ ទោះបីជានៅធ្វើការនៅតាមខេត្តជនបទក៏ដោយ នៅថ្ងៃសម្រាកក៏អាចធ្វើដំណើរទៅគ្រប់កន្លែងក្នុងប្រទេស និងសប្បាយក្នុងការទៅទិញអីវ៉ាន់នៅក្រុងធំៗដែលនៅក្បែរបានដែរ។ ម្យ៉ាងទៀត អ្នកអាចនឹងភ្ញាក់ផ្អើល ដោយសារនៅប្រទេសជប៉ុនមានសេវាកម្មជាច្រើន ដែលធ្វើអោយអ្នកទិញទំនិញតាមអនឡាញនៅថ្ងៃនោះ អាចទទួលទំនិញបាននៅថ្ងៃបន្ទាប់។ ទោះបីជារស់នៅតាមខេត្តក៏ដោយ នៅប្រទេសជប៉ុន គឺគ្មានបញ្ហាខ្វះខាតរបស់ប្រើប្រាស់ប្រចាំថ្ងៃឡើយ។

ម្យ៉ាងទៀត ភាពទាក់ទាញសំខាន់នៃតំបន់ជនបទនៅប្រទេសជប៉ុន គឺបរិស្ថានធម្មជាតិ។ មានខេត្តជនបទជាច្រើន ដែលមានទេសភាពល្អ ដោយមានសមុទ្រឬភ្នំ ឬទន្លេនៅក្បែរជាដើម។ ម្យ៉ាងទៀតក៏មានវប្បធម៌ និងអាហារខ្លះដែលមានតែនៅជនបទផងដែរ។ អ្នកនាង Annie ជនជាតិហ្វីលីពីន ដែលធ្វើការនៅប្រទេសជប៉ុនបានប្រាប់យើងថា៖ “តំបន់ជនបទមានទេសភាពស្អាតណាស់។ គេអាចសប្បាយរីករាយនឹងអំណោយផលពីធម្មជាតិជាច្រើន។ នៅទីក្រុងធំៗ មានដើមឈើ និងចម្ការជាដើមតិចតួច ហើយក៏គ្មានទេទឹកពុះ (Hot spring) ដែរ។ នៅតាមខេត្តគេអាចសប្បាយរីករាយជាមួយផលិតផលពិសេសជាច្រើនដូចជា ម្ហូប ផលិតផលសិប្បកម្មប្រពៃណី ពិធីបុណ្យតាមជនបទជាដើម។ ខ្ញុំចូលចិត្តម្ហូបពពុះសណ្ដែក (tofu skin) នៃតំបន់ Nikko និងអាហារតំបន់ Okinawa។”។

 

ការធ្វើការនៅខេត្តជនបទ

ធ្វើការនៅទីក្រុងធំៗ ឬធ្វើការនៅខេត្តជនបទ គឺមនុស្សម្នាក់ៗមានរបៀបគិតខុសៗគ្នា។ ជីវភាពនៅទីក្រុងធំៗ មានរបស់រំញោចអារម្មណ៍ច្រើន មានមនុស្សច្រើន តម្លៃទំនិញក៏ថ្លៃ។ ចំណែកនៅតាមខេត្តជនបទវិញ មានបរិស្ថានធម្មជាតិល្អ ហើយភាគច្រើនតម្លៃទំនិញ និងថ្លៃឈ្នួលផ្ទះជាដើម គឺមានតម្លៃទាបជាង។ ជនជាតិនេប៉ាល់លោក Mani Gyawali ដែលបានធ្វើការនៅខេត្ត Oita របស់ប្រទេសជប៉ុន បានប្រាប់យើងដូច្នេះថា៖ “ដោយមូលហេតុផ្សេងខ្ញុំក៏ធ្លាប់រស់នៅក្រុង Tokyo និង Osaka ផងដែរ។ ទីក្រុងធំៗទាំងពីរនេះសុទ្ធតែធំៗ និងមានកន្លែងល្អច្រើន ប៉ុន្តែខ្ញុំចូលចិត្តតំបន់ជនបទជាង។ មូលហេតុគឺដោយសារខ្ញុំមានអារម្មណ៍ថា បរិយាកាសការងារ និងទំនាក់ទំនងជាមួយមនុស្សគឺល្អ។ ខ្ញុំគិតថា ខេត្តជនបទខុសពីទីក្រុងធំៗ ដូចជារបៀបទំនាក់ទំនងរវាងមនុស្ស វប្បធម៌ជួយគ្នាទៅវិញទៅមកគឺល្អ។ ខ្ញុំមានអារម្មណ៍ថា មនុស្សនៅជនបទមានចិត្តល្អចង់ជួយនៅពេលឃើញគេមានបញ្ហា ទោះជាមនុស្សមិនស្គាល់ក៏ដោយ។​ ម្យ៉ាងទៀត ទោះជានៅតាមខេត្តជនបទក៏ដោយ សម្ភារចាំបាច់សម្រាប់ជីវភាព គឺអាចរកបានមិនខុសពីនៅទីក្រុងធំៗឡើយ ហេតុដូច្នេះហើយ គេអាចធ្វើការដោយរីករាយក្នុងបរិយាកាសស្ងប់ស្ងាត់បាន។”។

 

ប្រទេសជប៉ុនដែលសម្បូរដោយគ្រោះធម្មជាតិ

ចំណុចចុងក្រោយ គឺអំពីគ្រោះធម្មជាតិនៅប្រទេសជប៉ុន។ ដោយសារមានសមុទ្រ និងភ្នំនៅជិត ប្រហែលជាមានអ្នកបារម្ភពីគ្រោះធម្មជាតិនៅតាមខេត្តជនបទ។ តាមពិត ទៅនៅប្រទេសជប៉ុន ស្ទើរតែនៅតំបន់ណាក៏ដោយ ការត្រៀមខ្លួនសម្រាប់គ្រោះធម្មជាតិគឺសំខាន់ណាស់ ទោះជានៅទីក្រុងធំៗក្ដី ឬនៅខេត្តជនបទក្ដី។ គ្រោះធម្មជាតិមានដូចជា ព្យុះទីហ្វុង ការធ្លាក់ភ្លៀងខ្លាំង ការធ្លាក់ព្រិលខ្លាំង គ្រោះរញ្ជួយដី រលកយក្សស៊ូណាមី ការផ្ទុះភ្នំភ្លើង។ល។ អ្នកទាំងអស់គ្នាប្រហែលជាបានដឹងឮព័ត៌មានអំពីគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមី ដែលបានកើតឡើងនៅតំបន់ Tohoku (ឦសាន្ត) នៅខែមីនា ឆ្នាំ2011 ដែរហើយ។ ហេតុដូច្នេះហើយ ទើបមានការរៀបចំត្រៀមដោយរដ្ឋាភិបាល រដ្ឋបាលតាមតំបន់ តាមសហគ្រាសសម្រាប់ករណីគ្រោះធម្មជាតិកើតឡើង។ នៅពេលធ្វើការនៅប្រទេសជប៉ុន អ្នកនឹងឆ្លងកាត់កម្មវិធីហាត់ត្រៀមភៀសខ្លួន ដែលធ្វើឡើងតាមកាលកំណត់ជារឿយៗ។

នៅពេលជួបគ្រោះរញ្ជួយដីជាដើមលើកទីមួយ អ្នកទាំងអស់គ្នាហាក់ដូចជាមានការភ័យខ្លាំងណាស់។ វាជាការល្អក្នុងការធ្វើការស្រាវជ្រាវទុកជាមុន អំពីគ្រោះមហន្តរាយនៅប្រទេសជប៉ុន តាមរយៈតំណភ្ជាប់ខាងក្រោមជាដើម។

Cabinet Office Japan ទីស្ដីការគណៈរដ្ឋមន្រ្តី៖ : http://www.bousai.go.jp/index-e.html
JNTO (Japan National Tourism Organization) (អង្គការទេសចរណ៍ជាតិជប៉ុន)៖: https://www.jnto.go.jp/safety-tips/eng/index.html