តើអ្វីជាកម្មវិធីកំសាន្តក្នុងការមើលថែទាំ?

តើអ្វីជាកម្មវិធីកំសាន្តក្នុងការមើលថែទាំ?

គឺជាកម្មវិធីដែលមនុស្សចាស់ជួបជុំគ្នាដើម្បីធ្វើការប្រាស្រ័យទាក់ទងគ្នា ធ្វើចលនាខ្លួនប្រាណ ឬធ្វើការងារស្រាលៗជាដើម។ ប្រហែលជាអ្នកគិតថា៖ ហេតុអ្វីបានជាត្រូវការសម្រាប់មនុស្សចាស់? បើមានពិការភាពរាងកាយតើធ្វើដូចម្ដេច? ប៉ុន្តែកម្មវិធីកំសាន្តគឺជាការងារដ៏សំខាន់មួយនៅក្នុងការងារមើលថែទាំ។

Contents:

មុខងារនៃកម្មវិធីកំសាន្ត

ជីវភាពរស់នៅរបស់មនុស្សចាស់ជាទូទៅគឺដដែលៗ គ្មានការប្រែប្រួលនោះទេ។ មុខងារនៃកម្មវិធីកំសាន្តគឺផ្ដល់ឥទ្ធិពលវិជ្ជមានលើរាងកាយ ចិត្ត និងខួរក្បាលតាមរយៈការធ្វើឱ្យមានការខុសប្លែកក្នុងជីវភាពរស់នៅ និងការបង្កើតឱកាសសម្រាប់ការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ។

 

ហេតុអ្វីបានជាសំខាន់?

មនុស្សចាស់ជាច្រើននៅពេលវ័យកាន់តែចាស់ទៅ ដំណើរការនៃខួរក្បាលកាន់តែចុះថយ។ ការធ្វើកម្មវិធីកំសាន្តធ្វើឱ្យដំណើរការរបស់ខួរក្បាលប្រសើរឡើង ដែលអាចទប់ស្កាត់ ឬពន្យឺតល្បឿនវិវត្តនៃជំងឺភ្លេចភ្លាំងបាន។

នៅពេលដែលការធ្វើចលនារាងកាយកាន់តែតិច ធ្វើឱ្យកម្លាំងសាច់ដុំថយចុះ ដែលជាមូលហេតុធ្វើឱ្យដួល ឬបាក់ឆ្អឹង។ ការហាត់ប្រាណសាមញ្ញៗ ក៏មានប្រយោជន៍ក្នុងការថែរក្សាសុខភាពរាងកាយផងដែរ។

នៅពេលអាយុកាន់តែចាស់ ឱកាសចេញទៅខាងក្រៅក៏កាន់តែតិច ឱកាសក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃក៏កាន់តែតិច។

តាមរយៈកម្មវិធីកំសាន្ត ក៏មានឱកាសក្នុងការនិយាយជាមួយអ្នកដទៃផងដែរ។

 

តើគេអនុវត្តជាក់ស្ដែងដូចម្ដេចនៅមណ្ឌលមើលថែទាំ?

នៅមណ្ឌលភាគច្រើន រៀងរាល់ថ្ងៃមានម៉ោងកំណត់សម្រាប់ធ្វើកម្មវិធីកំសាន្តទាំងអស់គ្នា។

នៅក្នុងកម្មវិធីកំសាន្តរៀងរាល់ថ្ងៃមានដូចជា ការច្រៀងចម្រៀង ការងារប្រើម្រាមដៃ សំណួរចម្លើយ ការធ្វើចលនារាងកាយជាមួយការលេងបាល់ជាដើម កាយសម្ព័ន្ធ។ល។ គេច្នៃរៀបចំយ៉ាងណាឱ្យមនុស្សដែលមិនសូវអាចធ្វើចលនារាងកាយ ក៏អាចចូលរួមបានដែរ។

បន្ថែមលើកម្មវិធីកំសាន្តរៀងរាល់ថ្ងៃ នៅមានកម្មវិធីកំសាន្តខ្នាតធំដែលគេធ្វើឡើងបីបួនដងក្នុង1ឆ្នាំ។

ហើយក៏មានការរៀបចំកម្មវិធីកំសាន្តដែលអាចឱ្យគេមានអារម្មណ៍ស្គាល់រដូវ ដូចជាចេញទៅក្រៅមើលផ្កា”សាគូរ៉ា” ជាដើម។