北海道 PovさんRyさん【カンボジア出身】

北海道 PovさんRyさん【カンボジア出身】

北海道在住、カンボジア出身のPovさんとRyさんにインタビューしました。

Moeurn Srey Pov & Ry Sopheap

ញុំឈ្មោះ មឿន ស្រីពៅ
・ប្រទេសៈកម្ពុជា
・ឆ្នាំមកដល់ជប៉ុនៈ 2020
・គុណវឌ្ឍិៈ ពលករជំនាញ
・សមត្ថភាពភាសាជប៉ុនៈ N4
ញុំឈ្មោះ រី សុភាព
・ប្រទេសៈកម្ពុជា
・ឆ្នាំមកដល់ជប៉ុនៈ 2020
・គុណវឌ្ឍិៈពលករជំនាញ
・សមត្ថភាពភាសាជប៉ុនៈ N3

Interview

ហេតុអ្វីបានជាមកប្រទេសជប៉ុន? សូមប្រាប់មូលហេតុដំបូងក្នុងការសំរេចចិត្តមកជប៉ុន?

មូលហេតុដែលខ្ញុំមកប្រទេសជប៉ុនគឺដោយសារខ្ញុំចង់ធ្វើការនៅប្រទេសជប៉ុន ដោយយកបទពិសោធន៍ផ្នែកថែទាំនៅប្រទេសជប៉ុន។ ព្រមទាំងខ្ញុំចង់ដឹងពីជីវភាពរស់នៅរបស់ជនជាតិជប៉ុន។

មូលហេតុដែលខ្ញុំមកប្រទេសជប៉ុន ដោយសារខ្ញុំស្រឡាញ់ និងចូលចិត្តប្រទេសជប៉ុន ព្រោះជាប្រទេសស្អាត។ មួយវិញទៀត ខ្ញុំចង់បានបទពិសោធន៍ផ្សេងៗជាច្រើន។

សូមអ្នកប្រាប់មូលហេតុពីដំបូងអំពីចំនាប់អារម្មណ៍នៃការងារផ្នែកថែទាំ?

មូលហេតុដែលខ្ញុំចាប់អារម្មណ៍ផ្នែកថែទាំនៅប្រទេសជប៉ុន ព្រោះខ្ញុំស្រឡាញ់មនុស្សចាស់ជរា ហើយចង់ជួយជីវិតពួកគាត់ដល់ដំណាក់កាលចុងក្រោយ។

គោលបំណងដែលខ្ញុំមកទីនេះ គឺខ្ញុំចង់ក្លាយជាអ្នកថែទាំ ដែលជាចំនាប់អារម្មណ៍របស់ខ្ញុំ។ ពីព្រោះយើងនឹងផ្តល់ជំនួយដល់គាត់កន្លែងណាដែលគាត់មិនអាចធ្វើបាន។

តើអ្វីទៅដែលជាភាពសប្បាយរីករាយ និងការលើកទឹកចិត្តក្នុងការងារថែទាំរបស់អ្នក?

ភាពដែលសប្បាយ និងផ្តល់កំលាំងចិត្តដល់ខ្ញុំគឺថា ចាស់ជរាទាំងនោះពួកគាត់សុខសប្បាយ ជាពិសេសពេលដែលខ្ញុំលេងជាមួយពួកគាត់ ពួកគាត់តែងលេងសើចដាក់ខ្ញុំវិញ ហើយលើកទឹកចិត្តខ្ញុំ។

ខ្ញុំសប្បាយចិត្តនៅពេលដែលខ្ញុំបានធ្វើការជាអ្នកថែទាំ។ បន្ទាប់ពីធ្វើការបានកន្លះឆ្នាំរួចមក ខ្ញុំអាចនិយាយភាសាជប៉ុនជាមួយគាត់ដោយរលូន ល្អ ពេលនោះខ្ញុំសប្បាយចិត្តមែនទែន។

តើអ្វីទៅដែលជាចំនុចល្អនៅមណ្ឌលថែទាំដែលអ្នកកំពុងធ្វើការ?

មណ្ឌលដែលខ្ញុំធ្វើការនេះមានចំនុចល្អច្រើន តែអ្វីដែលសំខាន់គឺបុគ្គលិកនៅទីនេះរួសរាយរាក់ទាក់ ពេលយើងឆ្ងល់ហើយសួរគេ គេតែងតែប្រាប់មកយើងវិញដើម្បីល្អ។

តើអ្វីទៅដែលជាចំនុចល្អនៅតំបន់ដែលអ្នកកំពុងរស់នៅ?

តំបន់ខ្ញុំរស់នៅនេះគ្មានរញ្ជួយដីទេ ហើយមានចំការដែលគេអនុញ្ញាតិអោយយើងដាំបន្លែហូបបាន ដូច្នេះខ្ញុំមិនសូវចំណាយលុយលើការទិញបន្លែទេ ទិញតែសាច់បានហើយ។

ចំពោះជីវភាពរស់នៅក្នងប្រទេសជប៉ុន​​ តើអ្វីទៅដែលជាការចងចាំ និងរឿងរ៉ាវដែលបន្សល់ទុកក្នុងចិត្តរបស់អ្នក?

អនុស្សាវរីយ៍ដែលខ្ញុំមាននៅទីនេះគឺការចូលត្រាំទឹកក្តៅ។ ពេលបានចូលត្រាំទឹកក្តៅ មានអារម្មណ៍ល្អ។

តើអ្វីទៅដែលជាការរំភើបក្នុងការងារថែទាំ?

អ្វីដែលខ្ញុំរំភើបគឺពេលខ្ញុំលេងជាមួយចាស់ជរា និងពេលឃើញពួកគាត់មានសុខភាពល្អ ជាពិសេសជនជាតិជប៉ុនចិត្តល្អតែងជួយយកអាសារយើង។

តើអ្វីទៅដែលលំបាកក្នុងការងារថែទាំ?

ភាពលំបាករបស់ខ្ញុំគឺពេលដែលជួយបំលាស់ទីគាត់ពីកៅអីមួយទៅកៅអីមួយទៀត។​ តែបើចេះបច្ចេកទេសគ្រប់គ្រាន់មិនសូវពិបាកទេ។

តើអ្នកធ្លាប់ទទួលបានការសរសើរពីអ្នកស្នាក់នៅក្នុងមណ្ឌលថែទាំដែរឬទេ? តើទទួលបានការសរសើរបែបណាខ្លះ?

ពួកគាត់តែងសរសើរមកកាន់ខ្ញុំថា ខ្ញុំចំណាប់ណាស់ ខ្ញុំពូកែណាស់ ខ្ញុំហ្នឹងស្អាតណាស់ ។

សូមប្រាប់ពីក្តីសុបិន្ត និងគោលបំណងថ្ងៃខាងមុខរបស់អ្នក?

គោលបំណង និងក្តីស្រម៉ៃរបស់ខ្ញុំគឺបន្ទាប់បានរស់នៅជប៉ុន ក្នុងរវាង៣ទៅ៥ឆ្នាំ គឺខ្ញុំត្រូវតែប្រឡងអោយជាប់សញ្ញាបត្រN2 ហើយត្រឡប់ទៅប្រទេសកំនើតវិញក្នុងនាមជាបុគ្គលជោគជ័យម្នាក់ ឬអាចថាមានលទ្ឋភាពបង្កើតក្រុមហ៊ុនដោយខ្លួនឯង។

រោះតែខ្ញុំស្រឡាញ់ការងារថែទាំ ខ្ញុំមានបំណងប្រឡងយកសញ្ញាបត្រជំនាញថែទាំដើម្បីអភិវឌ្ឍន៍ខ្លួនឯងអោយកាន់តែពូកែ។

សូមផ្ញើរសារទៅកាន់មនុស្សដែលកំពុងគិតមកធ្វើការជាអ្នកថែទាំនៅប្រទេសជប៉ុន?

ខ្ញុំចង់ប្រាប់ទៅកាន់អ្នកដែលប្រុងមកធ្វើការផ្នែកថែទាំថា អ្វីដែលយើងលឺគេថាអាចខុសពីការងារដែលយើងធ្វើផ្ទាល់ ព្រោះអត់មានបញ្ហាអ្វីទេ ដោយសារដែលយើងរៀននៅសាលាគឺដូចគ្នាទៅនឹងការអនុវត្តិផ្ទាល់។

អ្វីដែលខ្ញុំចង់ផ្តាំមានដូចជា ទី១ត្រូវរៀនពាក្យបច្ចេកទេស ដើម្បីងាយស្រួលសំរាប់ការងាររបស់យើង។ ទី២ ព្យាយាមហ្វឹកហាត់ និងមើលវីដេអូអោយបានច្រើនជាពិសេសត្រង់ការអនុវត្តិជាក់ស្តែង។

ស្តីអំពីការងារថែទាំ និងភាសាជប៉ុន តើអ្នករៀនដោយវិធីណា?

កាលនៅសាលា ពេលថ្ងៃខ្ញុំរៀនផ្នែកថែទាំ៤ម៉ោង ហើយពេលព្រឹក៤ម៉ោង ខ្ញុំត្រូវរៀន ភាសាជប៉ុន ពាក្យ ហើយល្ងាចឡើងខ្ញុំអនុវត្តិ។ សំខាន់ជាងគេគឺពាក្យបច្ចេកទេស និងការអនុវត្តិ។

បន្ទាប់ពីមកដល់ជប៉ុន តើអ្នករៀនភាសាជប៉ុនអស់រយៈពេលប៉ុណ្ណាដែរ?

យើងធ្វើការបណ្តើរឆ្លៀតរៀនបណ្តើរ វាជាការល្អ។ ខ្ញុំវិញតែងតែរៀនរៀងរាល់ថ្ងៃប្រហែលជា១ម៉ោង ព្រោះខ្ញុំចង់ប្រឡងទៀត។ ហើយពេលសំរាកពីការងារខ្ញុំរៀនបានច្រើន។

ក្នុងការរៀនភាសាជប៉ុន អ្វីទៅដែលអ្នកគិតថាលំបាកជាងគេ?

ក្នុងភាសាជប៉ុនដែលពិបាកគឺកាន់ជិ ព្រោះនៅទីនេះអក្សរហ៊ីរ៉ាហ្កណាមិនសូវមានទេ គឺសុទ្ឋតែកាន់ជិ។

តើអ្នកមានគំនិតឬវិធីសាស្ត្រណាខ្លះដើម្បីចេះភាសាជប៉ុនអោយបានលឿន?

ដើម្បីអោយភាសាជប៉ុនពូកែលឿន គឺមើលទូរទស្សន៍ ប្រាស្រ័យទាក់ទងនឹងបុគ្គលិក ហើយស្តាប់អោយបានច្រើន។ ពេលនោះភាសាជប៉ុនយើងនឹងមានភាពរលូន។

ដើម្បីប្រឡងពលករជំនាញ តើអ្នករៀនប៉ុន្មានម៉ោងក្នុងមួយថ្ងៃ?

នៅសាលាគឺយើងត្រូវរៀន៨ម៉ោង ហើយត្រូវឆ្លៀតពេលរៀននៅផ្ទះខ្លួនឯងបន្តរទៀត។ ចំពោះខ្ញុំ ខ្ញុំមិនដែលទៅណាទេ ហើយបើទៅញុំាបាយក៍ខ្ញុំឆ្លៀតរៀនភាសាជប៉ុនក្នុងទូរស័ព្ទដៃដែរ​។ ពេលក្រោកពីដំនេកនាពេលព្រឹក ខ្ញុំតែងទន្ទេញ៥០ ពាក្យ និងរៀនទុកអោយហើយមុនពេលទៅសាលា និងរំលឹកមេរៀនពេលមកផ្ទះវិញ។

ញុំរៀនចាប់ពី៤ម៉ោងឡើងទៅ។ ហើយខ្ញុំផ្តោតសំខាន់លើពាក្យបច្ចេកទេសប្រហែលជា១ម៉ោងទៅ២ម៉ោង វេយ្យាករណ៍១ម៉ោង និងពាក្យ២ម៉ោង និងការស្តាប់ ១ម៉ោង។

បន្ទាប់់ពីរៀនហើយ តើអ្នកចំណាយពេលប៉ុណ្ណាទើបបានជាប់?

ខ្ញុំត្រូវការរយៈពេល១ឆ្នាំទើបប្រឡងជាប់ទាំងជំនាញ និងភាសាជប៉ុន ហើយកំរិតភាសាជប៉ុនពេលនេះគឺN4។

តើអ្នកធ្វើអ្វីក្នុងថ្ងៃសំរាក?

ពេលសំរាកពីការងារខ្ញុំសំអាតផ្ទះ បោកមុងភួយ ដើរលេងតិចតួច ហើយដេកយកកម្លាំង១ទៅ២ម៉ោង។ ដោយសារខ្ញុំដាំបន្លែ ខ្ញុំត្រូវបោចស្មៅ និងស្រោចទឹកដំនាំ។

ពេលទំនេរពីការងារ ខ្ញុំដេកនៅផ្ទះ ខ្ញុំដើរលេងជិតផ្ទះ ទៅនិង ហាត់ប្រាណនៅកន្លែងហាត់កាយសម្ព័ន្ឋ។

តើម្ហូបជប៉ុនដែលអ្នកពេញចិត្តជាងគេជាអ្វី?

អ្វីដែលខ្ញុំចូលចិត្តគឺ មីសុស៊ីរឹ ដែលស្រដៀងគ្នានឹងសម្លរខ្មែរដែលយើងអាចដាក់បន្លែចូលបាន។ មួយទៀតគឺត្រីសាម៉ុង ព្រោះវាមានរស់ជាតិផ្អែមឆ្ងាញ់។

ខ្ញុំចូលចិត្តស៊ុស៊ីដែលជាប្រភេទត្រីឆៅ និងស៊ុបជប៉ុន ស៊ុគិយ៉ាគី។

នៅហុកកៃដូ ទីកន្លែង និងទេសភាពដែលអ្នកចូលចិត្តនៅទីណា?

ដោយសារខ្ញុំមកធ្វើការនៅហុកកៃដូ កន្លែងដែលស្រស់ស្អាតគឺ កន្លែងជិះស្គី ដែលមានព្រិល ស ស្រស់ស្អាត។ ហើយឥឡូវនេះ ផ្កាក៍ស្អាតដែរ ព្រោះថាអ្នកនៅតំបន់នេះចូលចិត្តដាំផ្កានៅមុខផ្ទះ។

កន្លែងដែលស្អាតជាងគេនៅហុកកៃដូ ខ្ញុំមិនទាន់ដឹងឡើយ។ ដោយសារមេរោគកូរ៉ូណា ទើបខ្ញុំមិនសូវបានដើរលេងទេ។

សូមផ្តល់យោបល់ដើម្បីបានសប្បាយក្នុងការរស់នៅប្រទេសជប៉ុនដល់ជនរួមជាតិអ្នកដែលប្រុងនឹងមកជប៉ុននៅពេលខាងមុខ

សំរាប់អ្នកដែលចង់មកធ្វើការ គឺជាការសំរេចចិត្តមិនខុសឡើយ។ សូមកុំគិតថាហុកកៃដូជាតំបន់ត្រជាក់ខ្លាំងអី ទោះជារងារមែន តែយើងមានខោអាវក្រាស់ៗ បែបជប៉ុនសំរាប់ពាក់ ហើយយើងមិនមែនធ្វើការនៅខាងក្រៅ ហាលព្រិលទេគឺយើងធ្វើការនៅក្នុងមណ្ឌលដែលកក់ក្តៅ ដូច្នេះគ្មានបញ្ហាអ្វីទេ។ តែសំខាន់គឺយើងខំរៀនផ្នែកថែទាំមនុស្សចាស់ និងភាសាជប៉ុន ព្រោះថាពេលដែលយើងនិយាយ ស្តាប់គេបានដោយរលូននោះជាការល្អប្រសើរហើយ។

ចង់អោយអ្នកទាំងអស់គ្នារៀនភាសា ពាក្យបច្ចេកទេស និងជំនាញថែទាំ។ ដោយសារប្រទេសជប៉ុនល្អ ហើយស្អាត ប្រជាជនជប៉ុនចិត្តល្អ សូមកុំបារម្ភអី។ ហើយខំប្រឹងប្រែងទាំងអស់គ្នា។

Contents: