នៅពេលទៅចាប់ផ្ដើមជីវភាពថ្មីនៅប្រទេសជប៉ុន តើមានច្បាប់ទម្លាប់អ្វីខ្លះ ដែលជនបរទេសមិនស៊ាំជាមួយ? នៅប្រទេសណាក៏ដោយ ក៏មានច្បាប់ទម្លាប់ពិសេសរបស់ប្រទេសនោះដែលទាក់ទងនឹងការងារ និងជីវភាពរស់នៅដែរ។ តាមរយៈការទទួលយកច្បាប់ទម្លាប់ទាំងនោះថាជាវប្បធម៌មួយ អាចធ្វើអោយការរស់នៅ និងការងារអាចទៅមុខដោយរលូនបាន។ យើងសូមធ្វើការណែនាំនូវយោបល់ ដែលទទួលបានពីជនជាតិបរទេស ដែលធ្លាប់ធ្វើការនៅប្រទេសជប៉ុនទាក់ទងនឹងច្បាប់ទម្លាប់អំពីរបៀបធ្វើការ និងការរស់នៅដែលជនជាតិជប៉ុនពិបាកដឹង តាមរយៈការស្ទង់មតិ និងការសម្ភាសន៍។
Contents:
របៀបធ្វើការនៅកន្លែងធ្វើការ
ការយល់ឃើញអំពីច្បាប់ទម្លាប់កន្លែងធ្វើការរបស់ជប៉ុន គឺខុសៗគ្នាទៅតាមប្រទេសកំណើត និងរបៀបគិតរបស់បុគ្គល។ ហើយក៏មានភាពខុសគ្នាបន្តិចបន្តួចទៅតាមសហគ្រាស ឬមណ្ឌលដែលធ្វើការ ប៉ុន្តែយោបល់ដែលបានទទួលដូចៗគ្នាច្រើនគឺ ”ម៉ឺងម៉ាត់ចំពោះពេលវេលា”។ យើងធ្វើការស្វែងយល់ពីរបៀបធ្វើការ ដោយផ្អែកលើយោបល់របស់អ្នកធ្លាប់មានបទពិសោធន៍ជាអ្នកមើលថែទាំ និងវិធានការរបស់មណ្ឌលទទួលយកនៅប្រទេសជប៉ុន។
・”ដោយសារភាពខុសគ្នានៃវប្បធម៌រវាងប្រទេសកំណើត និងប្រទេសជប៉ុន ខ្ញុំបានជួបការលំបាកមួយចំនួន នៅពេលចាប់ផ្ដើមធ្វើការនៅប្រទេសជប៉ុនដំបូង។ ជាពិសេសអ្វីដែលលំបាកខ្លាំងនោះគឺទំនៀមទំលាប់គ្រប់គ្រងកាលវិភាគតឹងរឹង និងការគោរពពេលវេលាម៉ឹងម៉ាត់ ការប្រើប្រាស់ពាក្យសម្ដីជាមួយអ្នកស្នាក់នៅមណ្ឌលមើលថែទាំនិងបុគ្គលិកផ្សេងទៀត និងការស្លៀកពាក់។ នៅប្រទេសរបស់ខ្ញុំ ប្រសិនបើធ្វើការបានត្រឹមត្រូវហើយ គឺមិនបាច់គិតពីពេលវេលាច្រើនទេ។ ហើយធ្វើការដោយមិនសូវបានគិតពីឋានៈលើឬក្រោម ឬការប្រើពាក្យសម្ដីនោះទេ។”
・”ច្បាប់ទម្លាប់ដែលខ្ញុំមានអារម្មណ៍ថាល្អពេលមកធ្វើការនៅប្រទេសជប៉ុនគឺស្មារតី “ចាប់ផ្ដើមធ្វើសកម្មភាព 5នាទីមុន” ការធ្វើតាមពេលគឺបានន័យថាយឺតពេលទៅហើយ។” បានន័យថាមនុស្សដែលមានផែនការ គឺគោរពពេលវេលារបស់អ្នកដទៃ។ មួយទៀតគឺ កាតប៉ុស្តាល់ដែលមានសរសេរពាក្យជូនពរឆ្នាំថ្មី ដែលគេទទួលបាននៅដើមឆ្នាំ។ ខណៈដែលការទាក់ទងគ្នាតាមប្រព័ន្ធអេឡិចត្រូនិចកាន់តែច្រើនឡើង នៅពេលទទួលបានក្រដាសដែលមានសរសេរពាក្យជូនពរ ធ្វើអោយមានអារម្មណ៍ថាមនុស្ស និងមនុស្សមានទំនាក់ទំនងគ្នា។”
・”កន្លែងធ្វើការនៅប្រទេសជប៉ុនមានការប្រជុំច្រើនជាងនៅប្រទេសកំណើតរបស់ខ្ញុំ។ មានពេលខ្លះប្រជុំពេញមួយថ្ងៃក៏មាន។ ម្យ៉ាងទៀត មានអ្នកខ្លះធ្វើការរយៈពេលវែង។”
ម្យ៉ាងទៀត យោងតាមឯកសារ[1]ដែលត្រូវបានរៀបរៀងឡើងសម្រាប់មណ្ឌលមើលថែទាំ គេអាចស្វែងយល់បានអំពីចំណុចត្រូវប្រុងប្រយ័ត្នទាក់ទងនឹងរបៀបធ្វើការនៅប្រទេសជប៉ុន។ យើងលើកឡើងជាចំណុចៗ សូមប្រើប្រាស់ជាប្រយោជន៍។
・នៅប្រទេសជប៉ុនមានពេលខ្លះ គេមិននិយាយជាពាក្យសម្តី ប៉ុន្តែព្យាយាមទំនាក់តាមវិធី ”កាត់យល់ពីស្ថានភាពជាក់ស្ដែង” ”ស្វែងយល់នូវគោលបំណង”។
・នៅកន្លែងធ្វើការរបស់ប្រទេសជប៉ុន “ការរាយការណ៍ ការទំនាក់ទំនង ការពិគ្រោះ” គឺសំខាន់ណាស់។
[1]「外国人介護職員の受入れと活躍支援に関するガイドブック」
ច្បាប់ទម្លាប់និងសីលធម៌ក្នុងជីវភាពសង្គម
នៅពេលទៅទេសចរណ៍នៅប្រទេសជប៉ុន ប្រហែលជាអ្នកមើលឃើញនូវច្បាប់ទម្លាប់ និងសីលធម៌ខុសពីប្រទេសកំណើតរបស់ខ្លួនមួយចំនួនហើយ។ ប៉ុន្តែនៅពេលទៅរស់នៅជាក់ស្ដែងដែលមិនមែនជាទេសចរណ៍ នោះកាន់តែមើលឃើញនូវច្បាប់ទម្លាប់ និងសីលធម៌ច្រើនទៀត។ គេអាចទៅជប៉ុនហើយស្វែងយល់បន្តិចម្ដងៗ ប៉ុន្តែប្រសិនបើ គេស្រាវជា្រវទុកជាមុននោះ ប្រហែលជាអាចបញ្ចៀសបញ្ហាដល់អ្នកជុំវិញ ឬអាចបញ្ចៀសខ្លួនឯងកុំអោយជួបបញ្ហា។
・”ច្បាប់ទម្លាប់ទាក់ទងជីវភាពប្រចាំថ្ងៃ ដែលខ្ញុំបានជួបប្រទះដំបូងនៅពេលមកប្រទេសជប៉ុនដំបូង គឺការបែងចែកសំរាម។ ខ្ញុំបានដឹងថា តាមរយៈការបែងចែកសំរាមអោយបានត្រឹមត្រូវតាមប្រភេទសំរាមអាចដុតបាន សំរាមមិនអាចដុតបាន សំរាមធនធាន សំរាមធំជាដើម ធ្វើអោយគេអាចកែច្នៃឡើងវិញធ្វើជាធនធានបានក្រោយពេលប្រមូល។”
・”ជនជាតិជប៉ុនមានទម្លាប់និយាយស្វាគមន៍ដាក់គ្នា។ ខ្ញុំតែងស្ងើចសរសើរត្រង់ថានៅកន្លែងធ្វើការ នៅសាលារៀន នៅហាង នៅតាមមធ្យោបាយធ្វើដំណើរ។ល។ គឺមានការនិយាយស្វាគមន៍ដាក់គ្នា ឬហៅគ្នាទៅវិញទៅមក។ ម្យ៉ាងទៀត សុជីវធម៌ក្នុងការចោលសំរាមគឺធ្វើបានល្អណាស់។ ទំនៀមទម្លាប់របស់ជនជាតិជប៉ុន ដែលមិនត្រឹមតែធ្វើអោយស្អាតតែផ្ទះខ្លួនឯង ប៉ុន្តែធ្វើអោយជុំវិញបានស្អាតផងដែរ ហើយការយកចិត្តទុកដាក់លើបរិស្ថានគឺល្អខ្លាំងណាស់។”
・”មុននឹងទៅប្រទេសជប៉ុនខ្ញុំបានទៅទេសចរណ៍ប៉ុន្មានដងដែរ ហើយខ្ញុំគិតថា ប្រហែលជាគ្មានការភ្ញាក់ផ្អើលក្នុងជីវភាពរស់នៅទេ ប៉ុន្តែនៅពេលមករស់នៅជាក់ស្ដែង ខ្ញុំបានរកឃើញរឿងថ្មីៗផ្សេងៗ។ ជាពិសេស គឺការដែលត្រូវបែងចែកសំរាមតាមប្រភេទជាចាំបាច់ជាដើម។”
ទាក់ទងនឹងជីវភាពរស់នៅ ហាក់មានយោបល់ច្រើនទាក់ទងនឹងការបែងចែកសំរាម។ នៅប្រទេសជប៉ុន ថ្ងៃដែលអាចដាក់សំរាមដែលបានបែងចែកតាមប្រភេទរួចនៅកន្លែងដាក់សំរាម គឺភាគច្រើនមានថ្ងៃកំណត់ (ការដាក់សំរាមនៅពេលយប់មុនថ្ងៃកំណត់ក៏មិនល្អដែរ)។ ក្នុងករណីជាច្រើន គឺត្រូវទិញថង់សម្រាប់ដាក់សំរាមកំណត់ ហើយត្រូវដាក់សំរាមនៅក្នុងថង់នោះ។
ច្បាប់ទម្លាប់ទាក់ទងនឹងជីវភាពសង្គមគឺខុសៗគ្នាតាមតំបន់រស់នៅ។ នៅពេលចាប់ផ្ដើមទៅធ្វើការនៅប្រទេសជប៉ុន គេអាចសួរនាំទៅមនុស្សដែលរស់នៅក្នុងសហគមន៍ជាមួយគ្នាបាន។ ម្យ៉ាងទៀត រដ្ឋបាលតំបន់នីមួយៗក៏ធ្វើការផ្សព្វផ្សាយព័ត៌មានផងដែរ សូមពិនិត្យមើលនៅទីនោះផង។ ជាឯកសារយោងសូមមើលសៀវភៅផ្ដល់ព័ត៌មានដល់ជនបរទេស ដែលចាប់ផ្ដើមរស់នៅក្រុង Tokyo ដំបូងដែលចេញផ្សាយដោយក្រុង Tokyo ឈ្មោះថា “Life in Tokyo:Your Guide” ។