មានគេនិយាយច្រើនថា ប្រទេសជប៉ុនជាប្រទេសដែលមានសុវត្ថិភាព។ ជាក់ស្ដែង យោងតាមចំណាត់ថ្នាក់នៃសន្ទស្សន៍សន្តិភាពពិភពលោក ដែលត្រូវបានប្រកាសនៅខែមិថុនា ឆ្នាំ2020 ប្រទេសជប៉ុនបានជាប់ចំណាត់ថ្នាក់លេខ 9[1] ដែលជាចំណាត់ថ្នាក់ខ្ពស់មួយក្នុងចំណោមប្រទេសអភិវឌ្ឍន៍សំខាន់ៗ គឺបន្ទាប់ពីប្រទេសកាណាដា។ ដោយសារ នៅប្រទេសជប៉ុនមានច្បាប់ដែលមានគោលបំណងបង្ក្រាបការប្រើអាវុធ ដូចជា កាំភ្លើង និងដាវជាដើម គឺគ្មានអ្នកកាន់កាំភ្លើង ឬដាវដើរឡើយ (ប្រាកដណាស់ គឺគ្មានសាមូរ៉ៃដែលសៀតដាវនៅនឹងចង្កេះឡើយ)។ យើងបានធ្វើការសាកសួរទៅលើជនជាតិបរទេស ដែលធ្លាប់បានរស់នៅធ្វើការនៅប្រទេសជប៉ុនតាមរយៈការស្ទង់មតិ និងការសម្ភាសន៍ អំពីការរស់នៅប្រទេសជប៉ុនដូចខាងក្រោម។
[1] Global Peace Index © Institute for Economics and Peace
Contents:
នៅប្រទេសជប៉ុនការចេញក្រៅពេលយប់មិនគ្រោះថ្នាក់ទេឬ?
ជនជាតិនេប៉ាល់ដែលបានធ្វើការនៅខេត្ត Oita លោក Mani Gyawali បាននិយាយថា “ទីក្រុងដែលខ្ញុំបានរស់នៅ គឺមានសន្តិសុខល្អណាស់។ នៅពេលចេញទៅក្រៅ ទោះបីទៅធ្វើការក្ដី ឬលក្ខណៈឯកជនក្ដី គឺអាចចេញទៅបានដោយមិនបាច់បារម្ភពីពេលវេលាឡើយ។ បើប្រៀបធៀបជាមួយប្រទេសរបស់ខ្ញុំ នៅប្រទេសជប៉ុនគឺមានសុវត្ថិភាពខ្លាំងណាស់ ទោះជានៅម៉ោងណាក៏ដោយ”។ ចំណែកអ្នកនាង Annie បានប្រាប់យើងថា “បើប្រៀបធៀបនឹងប្រទេសកំណើតរបស់ខ្ញុំគឺហ្វីលីពីននោះ សុវត្ថិភាពនៅពេលយប់នៅប្រទេសជប៉ុនគឺល្អខ្លាំងណាស់។ ប៉ុន្តែក៏ធ្លាប់បានជួបរឿងគួរអោយភ័យផងដែរ គឺមនុស្សស្រវឹងបាននិយាយមកកាន់ខ្ញុំនៅតាមផ្លូវដែលមានហាងស៊ីផឹកច្រើន។”
ចំណែកជនជាតិម៉ុងហ្គោលអ្នកនាង Batgerel Ariungerel ដែលទើបតែមកដល់ប្រទេសជប៉ុនថ្មីៗបានប្រាប់យើងថា “ខ្ញុំមានអារម្មណ៍ថា ប្រទេសជប៉ុនគឺស្អាតនិងមានសុវត្ថិភាពខ្លាំង។ ប៉ុន្តែពេលមកដល់ប្រទេសជប៉ុន ព័ត៌មានបានផ្សាយច្រើនអំពីគ្រោះថ្នាក់ និងឧបទ្ទវហេតុ ដែលធ្វើអោយខ្ញុំមានការបារម្ភបន្តិច។” តាមពិតទៅប្រទេសជប៉ុនគឺមានសុវត្ថិភាពល្អ ប៉ុន្តែការដែលស្ត្រីចេញដើរនៅតាមផ្លូវពេលយប់តែម្នាក់ឯង គួរតែជៀសវាងល្អជាង។
ទីក្រុងមានអនាម័យឬទេ?
ជនជាតិបរទេសដែលមកប្រទេសជប៉ុនមុនដំបូង ហាក់ដូចជាមានការភ្ញាក់ផ្អើលព្រោះឃើញ “រថយន្តដែលបើកបរតាមផ្លូវនោះស្អាតៗ!”។ មធ្យោបាយធ្វើដំណើរសាធារណៈ ដូចជា រថភ្លើង និងរថយន្តក្រុងជាដើម ក៏មានអនាម័យ ហើយភាគច្រើនគ្មានសំរាមជាដើមជ្រុះទេ។ ជនជាតិនេប៉ាល់លោក Mani Gyawali បានប្រាប់អោយដឹងថា៖ “ស្ថានភាពនៃការប្រមូលសំរាម និងទីក្រុងទាំងមូលគឺមានអនាម័យនិងស្អាតគួរអោយពេញចិត្ត។ ម្យ៉ាងទៀត មានការភ្ញាក់ផ្អើលនៅពេលដែលបានឃើញបង្គន់ និងកន្លែងហូបទឹកនៅក្នុងសួនសធារណៈ។ ហើយក៏បានដឹងផងដែរថា ជនជាតិជប៉ុនមានស្មារតីខ្ពស់ក្នុងការគោរពសុជីវធម៌។”។ ប៉ុន្តែ ចំពោះភាពស្អាតនៃបន្ទប់ទឹកជាដើមម្នាក់ៗហាក់ដូចជាមានការគិតខុសៗគ្នា។ យើងក៏បានទទួលនូវយោបល់ថា “បន្ទប់ទឹកនៅផ្សារទំនើប Shopping mall និងនៅ Department Store គឺស្អាតនិងមានអនាម័យខ្លាំង។ ប៉ុន្តែ បន្ទប់ទឹកនៅកន្លែងសាធារណៈ គឺមិនសូវស្អាតឡើយ។ បន្ទប់ទឹកនៅក្នុងស្ថានីយ៍រថភ្លើងគឺមានក្លិនស្អុយ…”
គេតែងនិយាយថាប្រជាជនជប៉ុន គឺជាប្រជាជនដែលគោរពបានល្អនូវសុជីវធម៌និងច្បាប់ទម្លាប់។ ហេតុដូច្នេះហើយ នៅតាមផ្លូវនៅប្រទេសជប៉ុន ភាគច្រើនគឺស្អាតមានអនាម័យ ដែលកម្រធ្វើអោយមានអារម្មណ៍មិនល្អណាស់។ ប៉ុន្តែទន្ទឹមនឹងនេះ ក៏ហាក់ដូចជាមានច្បាប់ទម្លាប់ខ្លះ ដែលពិបាកយល់សម្រាប់ជនបរទេស ដែលមកប្រទេសជប៉ុនដំបូងផងដែរ។ ជនជាតិឥណ្ឌូនេស៊ី អ្នកនាង Riswanti បាននិយាយថា៖ “ដោយសារនៅប្រទេសជប៉ុនមានច្បាប់ទម្លាប់ច្រើន គេគួរតែរៀនសូត្រម្ដងមួយៗ។”
ថ្លៃទំនិញយ៉ាងណាដែរប្រៀបធៀបជាមួយប្រទេសរបស់ខ្លួន?
ចំពោះថ្លៃទំនិញនៅប្រទេសជប៉ុន គេពិបាកនិយាយថាថ្លៃឬថោកពេលនិយាយរួមណាស់ ប៉ុន្តែ ជនបរទេសដែលមកពីអាស៊ីអាគ្នេយ៍ ហាក់ជាមានអារម្មណ៍ថាគ្រឿងបរិភោគជាដើមមានតម្លៃថ្លៃ។ អ្នកនាង Annie ជាជនជាតិហ្វីលីពីនដែលរស់នៅប្រទេសប្រទេសជប៉ុន បាននិយាយដូច្នេះថា៖ “ថ្លៃទំនិញនៅប្រទេសហ្វីលីពីនគឺថោក”។ នៅប្រទេសជប៉ុន បន្លែ ផ្លែឈើ តាក់ស៊ី ភីហ្សា ប្រាក់ខែគឺមានតម្លៃថ្លៃ។ ប៉ុន្តែ ថ្លៃទឹកភ្លើងប្រហែលជាថោកជាងនៅហ្វីលីពីនផង។ ហើយថ្លៃថ្នាំដែលទទួលបានពីមន្ទីរពេទ្យក៏មានតម្លៃថោក ដោយសារតែមានប្រព័ន្ធធានារ៉ាប់រងសុខភាព”។ លោក Mani Gyawali ជាជនជាតិនេប៉ាល់ ដែលធ្លាប់បានរស់នៅប្រទេសជប៉ុនបាននិយាយថា៖ “ខ្ញុំមានការភ្ញាក់ផ្អើល នៅពេលបានឃើញតម្លៃទំនិញនៅប្រទេសជប៉ុនដំបូង។ ឧទាហរណ៍ ដូចជា អង្ករ 10គីឡូមានតម្លៃថ្លៃជាងនៅប្រទេសខ្លួនប្រហែល 5ដង។ ប៉ុន្តែ នៅពេលដែលចាប់ផ្ដើមស៊ាំនឹងជីវភាពនៅជប៉ុនទៅ គឺលែងសូវចាប់អារម្មណ៍ហើយ។ ពីព្រោះថាថ្លៃទំនិញថ្លៃពិតមែន ប៉ុន្តែថ្លៃប្រាក់ខែគឺមានកម្រិតសក្តិសមជាមួយតម្លៃទំនិញ។ ប្រហែលជាអ្នកដែលទើបមកដល់ជប៉ុនថ្មីៗ មានអារម្មណ៍ថាតម្លៃទំនិញថ្លៃខ្លាំង។”
ម្យ៉ាងទៀត ជាក់ស្ដែងក្នុងអំឡុងពេលប៉ុន្មានរាប់សិបឆ្នាំចុងក្រោយនេះ តម្លៃទំនិញនៅប្រទេសជប៉ុនស្ទើរតែមិនមានការប្រែប្រួល។ ហើយក៏មានអ្នកផ្ដល់មតិថា៖ “បន្ទាប់ពីខ្ញុំត្រឡប់ទៅប្រទេសម៉ុងហ្គោល 6ឆ្នាំក្រោយមកខ្ញុំបានទៅប្រទេសជប៉ុនម្ដងទៀត។ នៅពេលនោះ អ្វីដែលខ្ញុំភ្ញាក់ផ្អើលនោះ គឺតម្លៃទំនិញដូចជា នំប៉័ង ការ៉េម រ៉ាមែន សូដាជាដើម ដែលខ្ញុំធ្លាប់ហូបញឹកញាប់ ស្ទើរតែគ្មានការប្រែប្រួលប្រៀបធៀបនឹង 6ឆ្នាំមុន។ ប្រទេសជប៉ុនមានអត្រាអតិផរណាទាបជាងប្រទេសម៉ុងហ្គោល បានន័យថាមានភាពងាយស្រួលក្នុងការធ្វើផែនការហិរញ្ញវត្ថុ។”
បច្ចុប្បន្ននេះ ដោយសារគេអាចដឹងតម្លៃទំនិញជាដើមបានដោយងាយតាមរយៈអ៊ីនធើណេតជាដើម អ្នកអាចឆែកមើលតម្លៃនៃទំនិញចាំបាច់សម្រាប់ជីវភាពជាដើមមុនទៅជប៉ុនក៏បាន។ ព្រោះថាដើម្បីទៅប្រទេសជប៉ុន ការត្រៀមប្រាក់ និងផែនការចាយវាយសម្រាប់ការរស់នៅក៏ជាចំណុចសំខាន់ផងដែរ។
អាចរកទិញគ្រឿងធ្វើម្ហូបបានដែរឬទេ?
នៅពេលទៅរស់នៅ នៅបរិស្ថានថ្មី ប្រហែលជាអាចមានការបារម្ភអំពីការហូបចុក។ ប្រហែលជាអាចមានការបារម្ភថា តើគេអាចរកទិញបាននូវគ្រឿងធ្វើម្ហូប និងគ្រឿងទេសដែលធ្លាប់ប្រើនៅប្រទេសកំណើតបានដែរឬទេ ហើយរកទិញនៅទីណា។ តាមពិត ទៅនៅប្រទេសជប៉ុនមានគ្រឿងធ្វើម្ហូបសម្បូរបែប ងាយនឹងរកបាននូវគ្រឿងផ្សំផ្សេងៗ ហើយក៏មានភោជនីយដ្ឋានច្រើន អាចអោយគេសប្បាយរីករាយជាមួយនឹងអាហារបាន។ យើងសូមបង្ហាញអំពីមតិរបស់ជនបរទេសដែលធ្លាប់រស់នៅប្រទេសជប៉ុនដូចខាងក្រោម។
・“មានម្ហូបច្រើនមុខច្រើនប្រភេទដូចជាម្ហូបចិន និងម្ហូបអឺរ៉ុបជាដើម។ នៅតាមទីក្រុងធំៗមានភោជនីយដ្ឋានដែលផ្គត់ផ្គង់អាហារបរទេសដែលកម្រផងដែរ។ ឧទាហរណ៍ដូចជា អាហារប៉េរូ អាហារអេត្យូពី អាហារអ៊ូសបេគីស្ថានជាដើម។ល។ ចំណែកអាហារ Fast Food ក៏មានច្រើនដែរ។ ប៉ុន្តែដោយសារ ភោជនីយដ្ឋានដែលផ្គត់ផ្គង់អាហារនៃប្រទេសកំណើតរបស់ខ្ញុំ មានរសជាតិមធ្យមហើយតម្លៃថ្លៃ ទើបខ្ញុំទិញគ្រឿងធ្វើម្ហូបមកចម្អិនដោយខ្លួនឯង។ ខ្ញុំអាចទិញគ្រឿងទេសជាដើម តាមអនឡាញបាន។”
・“នៅពេលទើបមកដល់ជប៉ុនភ្លាមៗ មានការពិបាកដោយសារអាហារជប៉ុនមិនសូវត្រូវមាត់។ នៅពេលទើបមកដល់ថ្មីៗ ខ្ញុំបានទិញគ្រឿងផ្សំចាំបាច់នៅផ្សារទំនើបជាដើម ហើយចម្អិនអាហារដែលមានរសជាតិដូចនៅប្រទេសកំណើត។ នៅពេលស៊ាំជាមួយនឹងជីវភាពនៅប្រទេសជប៉ុន ខ្ញុំចាប់ផ្ដើមហូបអាហារជប៉ុន និងថែមទាំងចម្អិនអាហារជប៉ុននៅផ្ទះទៀតផង។”
ការចំណាយពេលវេលានៅថ្ងៃសម្រាក
បច្ចុប្បន្ននេះដោយសារជំងឺ COVID-19 ធ្វើអោយមានការលំបាកក្នុងការធ្វើដំណើរ។ តាមពិត ទៅនៅក្នុងប្រទេសជប៉ុនមានមធ្យោបាយធ្វើដំណើរសម្បូរបែប មានទាំងយន្តហោះ រថភ្លើង រថយន្តក្រុងផ្លូវលឿងជាដើម ដែលអាចធ្វើដំណើរកំសាន្តទៅកន្លែងនានាបានគិតតែពេលចុងសប្ដាហ៍ក៏ដោយ។ អ្នកនាង Anarbayar Renchinkhorol ជនជាតិម៉ុងហ្គោលបានប្រាប់យើងថា៖ “ជាទូទៅនៅប្រទេសជប៉ុនមានសុវត្ថិភាពល្អ ទោះបីជាស្ត្រីម្នាក់ឯងក៏អាចធ្វើដំណើរកំសាន្តដោយគ្មានការបារម្ភឡើយ។”។ ម្យ៉ាងទៀត ក៏អាចទៅមើលកុន និងដើរលេងទិញអីវ៉ាន់នៅក្បែរៗបានផងដែរ។ ក្នុងចំណោមនោះក៏មានអ្នកបង្រៀនលេងកីឡាគ្រីឃីតដល់កុមារជប៉ុន ឬចូលរួមសប្បាយក្នុងកម្មវិធីផ្លាស់ប្ដូរវប្បធម៌ ឬកម្មវិធីច្រៀងខារ៉ាអូខេ។ល។
អ្នកនាង Annie ជនជាតិហ្វីលីពីនប្រាប់ថា៖ “នៅថ្ងៃសៅរ៍អាទិត្យ ខ្ញុំសប្បាយនឹងដើរចូលហាងកាហ្វេនានាក្បែរផ្ទះ។ ហើយក៏ចូលចិត្តដើរមើលអីវ៉ាន់ និងហូបអាហារនៅភោជនីយដ្ឋានក្នុងក្រុង។ ខ្ញុំក៏ចូលចិត្តចូលរួមក្នុងកម្មវិធីក្នុងសហគមន៍ (បុណ្យប្រពៃណី ការតាំងបង្ហាញ។ល។) ផងដែរ។ ខ្ញុំក៏ចូលចិត្តចូលរួមក្នុងពិធីធ្វើតែជាដើម ដែលមានឱកាសប៉ះពាល់ជាមួយវប្បធម៌ជប៉ុនបាន។ ខ្ញុំមានគោលដៅធ្វើដំណើរអោយបានច្រើន ទៅដល់គ្រប់ខេត្តក្រុងទាំង 47 របស់ជប៉ុន!”
នៅពេលដែលធ្វើការងារថែទាំនៅប្រទេសជប៉ុន គឺមានការរវល់ក្នុងការរៀន (ប្រឡង) ថែទាំ និងរៀនភាសាជប៉ុន។ល។ ប៉ុន្តែដើម្បីកុំអោយមានស្ត្រេសច្រើន វាគឺជាការល្អក្នុងការធ្វើដំណើរទៅក្រៅអោយបានច្រើន ហើយសប្បាយជាមួយនឹងជីវភាពនៅជប៉ុន។