ទម្លាប់ល្អដែលមានប្រយោជន៍សម្រាប់អ្នកមើលថែទាំ

ទម្លាប់ល្អដែលមានប្រយោជន៍សម្រាប់អ្នកមើលថែទាំ

ខ្ញុំគិតថាអ្នកដែលចាប់ផ្ដើមធ្វើការងារថែទាំដំបូងប្រហែលជាមានការព្រួយបារម្ភច្រើន។ ខ្ញុំសូមណែនាំអំពីចំណុចដែលអ្នកមើលថែទាំជនជាតិជប៉ុនព្យាយាមធ្វើជាប្រចាំនៅពេលធ្វើការ។ ខ្ញុំគិតថាប្រហែលជាមានចំណុចខ្លះដែលអាចយកមកអនុវត្តបានចាប់ពីពេលនេះតទៅ។ សូមសាកល្បងអនុវត្តសាកមើលដើម្បីឆាប់ស៊ាំនឹងការងារមើលថែទាំ។

Contents:

កត់ត្រាទុក

អ្នកមើលថែទាំនៅពេលធ្វើការតែងយកប៊ិច និងសៀវភៅកំណត់ត្រាផ្ទាល់ខ្លួនដាក់តាមខ្លួនជានិច្ច ដើម្បីឱ្យអាចកត់ត្រាទុកបានគ្រប់ពេល។

ព្រោះក្នុង១ថ្ងៃ មានកាលៈទេសៈត្រូវកត់ត្រាទុកជាច្រើន។

ឧទាហរណ៍ដូចជាក្នុងករណីដែលមនុស្សចាស់មានស្ថានភាពសុខភាពប្រែប្រួល ឬមានពាក្យផ្ដែផ្ដាំពីគ្រួសាររបស់មនុស្សចាស់ជាដើម។ ទោះបីជាគ្មានការប្រែប្រួលខ្លាំងលើស្ថានភាពសុខភាព គឺធ្វើការកត់ត្រាទុកនូវបរិមាណអាហារ និងបរិមាណទឹកពិសារៀងរាល់ថ្ងៃជាដើម ដើម្បីតាមដានសុខភាព។

ការកត់ត្រាទុកគឺសម្រាប់ការចងចាំរបស់ខ្លួន និងដើម្បីបញ្ជូនព័ត៌មានទៅបុគ្គលិកផ្សេងទៀតឱ្យបានត្រឹមត្រូវ។

វាក៏មានសារៈសំខាន់ផងដែរសម្រាប់ប្រើក្នុងការមើលថែទាំតម្រូវទៅតាមស្ថានភាពសុខភាពរបស់មនុស្សចាស់។

នៅក្នុងជីវភាពប្រចាំថ្ងៃធម្មតាប្រហែលជាមិនសូវមានការកត់ត្រាផង។ អ្នកអាចបង្កើតទម្លាប់កត់ត្រាទុកចាប់ពីពេលនេះតទៅ ឧទាហរណ៍កត់ត្រាទុកនូវចំណុចមិនយល់ក្នុងពេលរៀនជាដើម។

 

សង្កេតមើលឱ្យច្បាស់

នៅក្នុងចំណោមមនុស្សចាស់ ដោយសារតែមានជំងឺ ឬមានជំងឺភ្លេចភ្លាំង ធ្វើឱ្យគាត់មិនអាចដឹងពីការប្រែប្រួលនៃស្ថានភាពសុខភាពរបស់ខ្លួន ឬដឹងដែរតែមិនអាចប្រាប់បាន។

ហេតុដូច្នេះហើយ គឺចាំបាច់តម្រូវឱ្យអ្នកមើលថែទាំសង្កេតមើលឱ្យច្បាស់។ ដូចជាបរិភោគអាហារតិចជាងរាល់ដង ឬទឹកមុខមិនល្អជាដើម។ សូមបង្កើតទម្លាប់សង្កេតមើល ដើម្បីឱ្យអាចមើលដឹងពីការប្រែប្រួលនៃស្ថានភាពសុខភាព ឬសតិអារម្មណ៍របស់មនុស្សចាស់។

 

កុំទើសទាល់ក្នុងការសួរសំណួរ

នៅក្នុងការធ្វើការប្រហែលជាមានពេលខ្លះមានការស្ទាក់ស្ទើរក្នុងការវិនិច្ឆ័យថាត្រូវធ្វើដូចម្ដេចល្អ។

ឧទាហរណ៍ដូចជានៅពេលដែលមនុស្សចាស់ស្នើសុំអ្វីមួយខុសពីប្រក្រតីដូចជា “ចង់ធ្វើអីមួយ” “ចង់ពិសាអ្វីមួយ” “ចង់ពិសាថ្នាំអ្វីមួយ” ។ល។ សូមកុំវិនិច្ឆ័យដោយខ្លួនឯង ទោះជារឿងតូចមួយក៏ដោយ សូមកុំទើសទាល់ក្នុងការសួរសំណួរទៅបុគ្គលិកផ្សេងទៀត។ វានាំទៅរកការការពារសុខភាពរបស់មនុស្សចាស់។ សូមបង្កើតទម្លាប់សួរសំណួរចំពោះរឿងដែលមិនយល់ ដោយមិនត្រូវខ្មាស់អៀនឡើយ។